រាជរដ្ឋាភិបាលកម្ពុជា កំណត់ម៉ោង ៩ និង ០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គោះជួង និងទូងស្គរព្រមៗគ្នា អបអរសាទរពិធីបើកការដ្ឋាន ”ព្រែកជីកហ្វូណនតេជោ”
(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ០៩នាទីព្រឹក ត្រូវគោះជួង និងទូងស្គរព្រមៗគ្នា ដើម្បីអបអរសាទរ ពិធីបើកការដ្ឋាន ”ព្រែកជីកហ្វូណនតេជោ” ។ នេះបើតាមសារាចររាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលទទួលបាននៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។
នៅក្នុងសារាចរនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រ គម្រោង ព្រែកជីកហ្វូណនតេជោ។
ជាមួយគ្នានេះ ថ្លែងក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចធិបតី បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈ ដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះ បឋមសិលា បើកការដ្ឋានព្រែកជីកនេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត ។
សម្តេចធិបតី ក៏បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេសតាមរយៈការគោះជួង និងទូងស្គរជាដើមព្រមៗគ្នានៅវេលាម៉ោង ៩ និង ០៩នាទីព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរ សមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិ ដ៏ធំបំផុតមួយ។
នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្រ្តី និងបាញ់កាំជ្រួច នៅទូទាំងប្រទេស តាមដែលអាចធ្វើបានផងដែរ ៕
ដោយ ៖ វណ្ណលុក