ក្រសួងអធិការកិច្ច បានសម្របសម្រួល បញ្ចប់វិវាទដីធ្លី មួយកន្លែង​នៅជើងភ្នំ​សំបុក ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងការបញ្ចប់វិវាទជូនគូភាគីដីវិវាទ មានទីតាំងស្ថិតនៅចំណុចកែងជើងភ្នំសំបុក ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ឯកឧត្ដម ហេង សុថា អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ, លោក លោកស្រី តំណាងអភិបាលនៃគណៈអភិបាលស្រុកចិត្របុរី, មន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, លោក មេឃុំថ្មគ្រែ លោកស្រី ភួង សុភាព, លោក ភួង យ៉ាលី (ឪពុកលោកស្រី ភួង សុភាព) (ភាគីដើមបណ្តឹង) លោកស្រី លី ទេវី, លោកស្រី លី សម្បត្តិ និងលោក ឯម លីម៉ង់ (ភាគីចុងបណ្តឹង) និងគណៈប្រតិភូអង្កេតស្រាវជ្រាវនៃក្រសួងអធិការកិច្ច សរុបចំនួន ២៥នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាគីទាំងពីរ ដែលបានយល់ព្រម បញ្ចប់វិវាទដីធ្លីដែលមានទីតាំងស្ថិតនៅចំណុចកែងជើងភ្នំសំបុក ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយឈរលើយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដោយពុំមានអ្នកចាញ់ទេ គឺ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើថា តាមរយៈការចុះហត្ថលេខា និងផ្ដិតស្នាមមេដៃ លើកិច្ចព្រមព្រៀងសះជានិងបញ្ចប់វិវាទជាស្ថាពរនេះ ឯកឧត្តមបានស្នើសុំឱ្យគូភាគីបញ្ចប់វិវាទទាំងអស់ ឈប់ប្តឹងផ្តល់គ្នាចាប់ពីថ្ងៃនេះតទៅ និងដកឱ្យអស់នូវរាល់ពាក្យបណ្តឹងទាំងឡាយ ទាំងបណ្តឹងរដ្ឋប្បវេណី និងបណ្តឹងព្រហ្មទណ្ឌ ដែលបានប្តឹងគ្នាកន្លងមក នៅស្ថាប័នតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀតគ្រប់ជាន់ថ្នាក់ ហើយសូមឱ្យគូភាគីគោរពគ្នាទៅវិញទៅមក ប្រកាន់នូវសន្តិភាពផ្លូវចិត្ត និងបញ្ចប់នូវគ្រប់រូបភាពទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ភាគីម្ខាងៗ តាមរយៈគ្រប់មធ្យោបាយ ជាអាទិ៍ សារព័ត៌មាន និងបណ្តាញសង្គមនានា ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner