ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាបង្ហាញសំណេរលើកដំបូងលើបណ្ដាញសង្គម
ភ្នំពេញ៖ឯកឧត្តម វ៉ាង វេនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤លោកបានបង្ហាញនូវចំណាប់អារម្មណ៍ថ្ងៃដំបូងនៃបេសកកម្មការទូតរបស់លោកនៅកម្ពុជា។
អមដោយរូបថតចំនួនពីរសន្លឹកលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ាង វេនប៊ីន នៅរសៀលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤ លោកបានសរសេរថា”ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឆ្លងកាត់មហាវិថីស៊ីជីនពីង មហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង និងទៅដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា”។
លោកបន្ថែមនៅចុងបញ្ចប់ថា “ខ្ញុំនិងសហការជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីបន្តមរតកនៃចំណង មិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកឱ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូដល់ប្រជាជននៃប្រទេសទាំងពីរ!”។
សូមជម្រាបថា ឯកឧត្តម Wang Wenbin បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅកាលពីរាត្រីថ្ងៃទី៥ ខែកក្កដាដើម្បីបំពេញ បេសកកម្មការប្រមុខការទូតប្រទេសចិនប្រចាំកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តម Wang Wenbin ថ្លែងសារខ្លីបានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនង
រវាងកម្ពុជា-ចិន ដែលមានជាប្រវត្តិសាស្រ្ត និងការប្តេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងផ្នែកការទូតរវាងប្រទេសទាំងពីរ។
សូមរំលឹកថា ថា មុននឹងទទួលតំណែងជាអគ្គរដ្ឋទូតប្រចាំកម្ពុជា ឯកឧត្តមក វ៉ាង វេនប៊ីន ធ្លាប់ជាអ្នកនាំពាក្យ ក្រសួងការបរទេសចិននាឆ្នាំ២០២០។ លោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស ទុយនេស៊ីពីឆ្នាំ ឆ្នាំ២០១៨ ដល់២០២០៕
ដោយៈមុនី