ថ្នាក់ដឹកនាំ សមាជិកគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចបានបំពេញតួនាទីភារកិច្ចខ្លួន បានល្អ ដែលគណបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក នៃគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីកកត់សម្គាល់ ។

នេះគឺជាការថ្លែងកោតសរសើរ របស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម បានបញ្ជាក់ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងពីរ៖ (ទី១) តាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រសួង ដែលសម្រេចបានក្នុងរយៈពេល ១០ខែ នាពេលកន្លងមក និង (ទី២) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងបន្ថែម (ជាលើកទី២) ស្របតាមស្មារតីនៃសេចក្ដីណែនាំរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីរចនាសម្ព័ន្ធ សមាសភាព និងបរិមាណសមាជិកគណៈកម្មាធិការគណបក្សក្រសួងស្ថាប័ន។

ឯកឧត្តមប្រធាន បានវាយតម្លៃលទ្ធផលបោះឆ្នោតបំពេញបន្ថែមបានប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ ត្រឹមត្រូវ ទទួលយកបាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងអបអរសាទរចំពោះបេក្ខជន ដែលបានឈ្នះឆ្នោតជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង ចំនួន ៤ រូប បន្ថែមថ្មី និងសមាជិកគណៈកម្មាធិការគណបក្សក្រសួង ចំនួន ១២ រូប បន្ថែមថ្មី។

ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សយើងទាំងអស់ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ព្រមទាំងខិតខំព្យាយាមបំពេញតួនាទីភារកិច្ចដែលគណបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូន ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner