ចម្ការតែ និងការប្រមូលផល នាភាគនិរតីប្រទេសចិន
បរទេស៖ ចម្ការតែ និងសកម្មភាពប្រមូលផលស្លឹកតែ នៅលើភ្នំ Mengding ក្នុងខេត្ត Sichuan ភាគនិរតី នៃប្រទេសចិន នាដើមខែកក្កដា ឆ្នាំ២០២៤។ ប្រទេសចិនគឺជាប្រភពដើម នៃការដាំដំណាំតែ និងជាប្រទេសផលិតតែ ដ៏ធំបំផុតមួយ នៅក្នុងពិភពលោក។
យោងតាមគេហទំព័រ Best Diplomats បានចុះផ្សាយ កាលពីខែឧសភាថា ការផលិតតែ របស់ប្រទេសចិនបានកើនឡើងដល់ ជិត២លាន៤០ម៉ឺនតោនហើយ ក្នុងឆ្នាំ២០២៤ ដែលធានាបាននូវភាពជាអ្នកនាំមុខ នៅក្នុងវិស័យនេះ។ ខេត្តយូណាន ជាកន្លែងដែលគេជឿថា ជាដើមកំណើតដំបូងនៃដំណាំតែរបស់ចិន ខណៈដែល ប្រទេសនេះ មានប្រពៃណីតែ ដ៏សម្បូរបែប រាប់សហស្សវត្សរ៍មកហើយ។
ខេត្តដែលមានអាកាសធាតុសើម និងដីសម្បូរបែបសម្រាប់ការដាំដុះតែ មានដូចជា Sichuan, Fujian និង Zhejiang ត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ល្អបំផុត នៅលើពិភពលោក។ តែចិន មានភាពចម្រុះមិនគួរឱ្យជឿ ដោយតែបៃតង មានប្រហែល ៧០%។ ក្រៅពីនេះ មានតែខ្មៅ អ៊ូឡុង ស និងតែពូអេរ ជាមួយនឹងរសជាតិ និងវិធីសាស្រ្តកែច្នៃ ផ្សេងៗគ្នា សម្រាប់ប្រភេទតែនីមួយៗ ។ តែបៃតង ផ្តល់នូវអាហារឆ្ងាញ់ ប្រចាំតំបន់ ដូចជា តែ Longjing និងតែ Biluochun ជាដើម នេះបើតាម Best Diplomats ដដែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត