មន្ត្រីជំនាញធ្វើសន្និសីទសារព័ត៌មានបំភ្លឺពាក់ព័ន្ធការដំឡើង និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល

ភ្នំពេញ៖អាជ្ញាធរអគ្គិសនីកម្ពុជានិងក្រសួងរ៉ែនិងថាម​ពល​កាលពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៤បានធ្វើសន្និសីទសារព័ត៌​មានរួមគ្នា ក្នុងគោលបំណងបំភ្លឺពាក់ព័ន្ធការធ្វើស្វ័យប្រកាស​ពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបាន​បញ្ជាក់​ថា អ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ​ព្រះ​អាទិត្យ ដាច់ដោយឡែក ដូចជាអំពូលភ្លើងសូឡា ឆ្នាំង​ដាំបាយ និងម៉ូទ័របូមទឹកជាដើម ដែលមិនពាក់ព័ន្ធជាមួយ​នឹងបណ្តាញក្នុងផ្ទះ ដែលជាប្រព័ន្ធបណ្ដាញអគ្គិសនីរបស់រដ្ឋ​ហើយអានុភាពមិនលើសពី១០គីឡូវ៉ាត់ឬ៥០អំពែគឺមិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។

ចំណែកអ្នកដែលត្រូវធ្វើស្វ័យប្រកាស គឺជាអ្នកដំឡើង និង​ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យហើយភ្ជាប់ជាមួយ បណ្តាញក្នុងផ្ទះ ដែលភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋ និង​អ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ​ព្រះអាទិត្យ ដាច់ដោយឡែកដែលមានអានុភាពលើស​ពី១០គីឡូវ៉ាត់ ឬ៥០អំពែ។

លោក យឹម វិសិដ្ឋ បញ្ជាក់បន្ថែមថា ការតម្រូវឱ្យធ្វើស្វ័យ​ប្រកាសនេះ គឺដើម្បីដឹងថាការដំឡើងនិងប្រើប្រាស់​ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជា មានចំនួនប៉ុន្មាន? មានអានុភាពប៉ុន្មាន និងនៅតំបន់​ណាខ្លះ?ដើម្បីងាយស្រួលក្នុង ការគ្រប់គ្រង និងដើម្បី​បញ្ជៀសផលប៉ះពាល់ ដល់បណ្តាញអគ្គិសនីរបស់រដ្ឋ។

គួររំលឹកថា អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីថ្ងៃទី៤ ខែ​កក្កដាបានចេញសេចក្តីអំពាវនាវជាថ្មី ដល់អ្នកប្រើប្រាស់​អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត​អញ្ជើញដាក់ពាក្យស្វ័យ ប្រកាស។

ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវធ្វើការផ្សព្វផ្សាយនិង​​ត្រៀមទទួល ការធ្វើស្វ័យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន។

ជាការកត់សម្គាល់ ក្រោយមានសេចក្តីជូនដំណឹងនេះ ធ្វើឱ្យ​មានមតិយល់ច្រលំមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ​ថាអ្នកដែល ដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ​ព្រះអាទិត្យ​ទាំងអស់ត្រូវតែធ្វើស្វ័យប្រកាស។ដូច្នេះទើប​អាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំសន្និសីទនេះឡើង​ដើម្បីធ្វើការបំភ្លឺ។

សូមជម្រាបដែរថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញលិខិត​ជូនដំណឹងម្តងរួចហើយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់​ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដែលពុំមាន​ការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាស អំពីការប្រើប្រាស់​ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅទីស្នាក់ការ​របស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់​អគ្គិសនី​ឯកជន ដែលឋិតនៅក្នុងតំបន់របស់ខ្លួន កំពុងប្រើប្រាស់​អគ្គិសនី។ចាប់តាំងពីពេល ជូនដំណឹងនោះមក មាន​អ្នកចូលទៅធ្វើស្វ័យប្រកាសត្រឹម ៩៤នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួចនៅឡើយទើបអាជ្ញាធរ ធ្វើការជូន​ដំណឹងជាលើកទី២ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីជាការរំលឹកឱ្យចូលទៅធ្វើស្វ័យប្រកាស ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner