លោក ជិន ប៊ុនធឿន ត្រូវបានតែងតាំងជាប្រធាន គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ
ភ្នំពេញ៖លោក ជិន ប៊ុនធឿន សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញត្រូវបានតែងតាំងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌ ប្ញស្សីកែវ ជំនួសលោក ឯក ឃុនដឿន ដែលត្រូវបាន តែង តាំងជាសមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង សមាជិក គណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ មូលដ្ឋាន ខណ្ឌប្ញស្សីកែវ នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។
លោក ជិន ប៊ុនធឿន ក្នុងឱកាសនោះ បានប្តេជ្ញាចិត្តអនុវត្តដាច់ខាតតាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។ ខិតខំស្វែងយល់ក្តាប់ជាប់នូវលក្ខន្តិកៈ កម្មវិធីនយោបាយរបស់គណបក្សគោលការណ៍ សេចក្តីសម្រេច សេចក្តីណែនាំនានារបស់គណៈកម្មាធិការកណ្តាលគណបក្ស និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដើម្បីកំណត់ទិសដៅ ភារកិច្ច គោលការណ៍ និង វិធានការចាត់តាំងអនុវត្តឱ្យបានសមស្របតាមសភាពការណ៍។
ក្នុងឱកាសនេះឯកឧត្ដម ឃួង ស្រេង បានរំលឹកដល់ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវក្នុងនាម ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈពិសេសធ្វើយ៉ាង ណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ