បោះឆ្នោតសភាបារាំងជុំទី២ បក្សស្ដាំនិយមជ្រុលរំពឹងឈ្នះ

ប៉ារីស៖ នៅថ្ងៃអាទិត្យនេះ បារាំងបានរៀបចំការបោះឆ្នោតសភា ជុំទី២ ដោយគណបក្សស្ដាំនិយមជ្រុល National Rally ឬ ហៅកាត់ RN នឹងទទួលបានជ័យជំនះ យោងតាមការស្ទង់មតិ ដែលជឿទុកចិត្ត។

យ៉ាងណាមិញ ការស្ទង់មតិបង្ហាញថា គណបក្សដែលមាននិន្នាការប្រឆាំងជនអន្តោប្រវេសន៍មួយនេះ ប្រហែលជាមិនអាចទទួលបានសំឡេងភាគច្រើន ដាច់ខាតនោះទេ។ ប៉ុន្តែ ការក្ដាប់សំឡេងភាគច្រើនរបស់បក្សស្ដាំនិយមជ្រុល អាចនឹងបង្កជាការបែកបាក់ផ្ទៃ ក្នុងកាន់តែស៊ីជម្រៅ។

លោក Attal នាយករដ្ឋមន្ត្រីបារាំង វ័យក្មេង បាននិយាយនៅក្នុងបទសម្ភាសន៍ មុនការបោះឆ្នោតថា «សម្លេងភាគច្រើន គ្របដណ្តប់ដោយក្រុមស្តាំនិយមជ្រុល គឺជាគ្រោះថ្នាក់ ហើយវានឹងក្លាយជាមហន្តរាយ» ។

អ្នកវិភាគនៅក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេស ហៅកាត់ថា ECFR បាននិយាយថា បារាំងកំពុងស្ថិតនៅលើចំណុចកំពូល នៃការផ្លាស់ប្តូរនយោបាយដ៏ខ្លាំង ហើយព្រមានថា ទោះបីជាលោកប្រធានាធិបតី ម៉ាក្រុង (Macron) បន្តគ្រប់គ្រងរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតក៏ដោយ លោកត្រូវប្រឈមមុខនឹង «ការជាប់គាំង ផ្នែកនីតិបញ្ញត្តិ»។

គណបក្ស National Rally របស់លោកស្រី Marine Le Pen បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភាបារាំង ជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ជាមួយសំឡេងគាំទ្រ ៣៤ភាគរយនៃសន្លឹកឆ្នោតសរុប ខណៈសម្ព័ន្ធគណបក្ស Together alliance របស់លោកប្រធានាធិបតី ម៉ាក្រុង ទទួលបានសំឡេងគាំទ្រពី ២៣ភាគរយប៉ុណ្ណោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner