មនុស្សរាប់រយនាក់ចូលរួមរត់ប្រណាំងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ អបអរសាទរខួបលើកទី១៦ ប្រាសាទព្រះវិហារត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីរត់ប្រណាំងក្រោមពាក្យស្លោក “កីឡា និងបេតិកភណ្ឌពិភពលោក” នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលមានអ្នកចូលរួមចំនួន ៨៨០នាក់។កម្មវិធីនេះដើម្បីចូលរួមអបអរសាទរខួបលើកទី១៦ ប្រាសាទព្រះវិហារត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ )។
អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថាព្រឹត្តិការណ៍ កីឡា Preah Vihear Temple Run 2024 ដើម្បីចូលរួមអបអរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ ក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។អ្នកចុះឈ្មោះចូលរួមមានជនបរទេសចូលរួមផងដែរ។ការរត់ប្រណាំងលើវិញ្ញាសាចំនួន៤រួមមាន៖ រត់ចម្ងាយ ៣០គីឡូម៉ែត្រ, រត់ចម្ងាយ ២១គីឡូម៉ែត្រ, រត់ចម្ងាយ ៧គីឡូម៉ែត្រនិងដើរចម្ងាយ ៧០០ម៉ែត្រ។
ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងទីក្រុងកេប៊ិច ប្រទេសកាណាដា។
បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទ ព្រះវិហារ៕
ដោយៈ មុនី