សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣៨វត្តនៅខេត្តកំពង់ធំ

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ព្រមទាំងពុទ្ធបរិស័ទ បានមូលមតិគ្នាប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសដល់វត្តចំនួន៣៨វត្ត ។ក្នុងនោះ ស្រុកស្ទោង ចំនួន២៥វត្ត និងក្នុងក្រុងកំពង់ធំចំនួន១៣វត្ត។

ពិធីប្រគេនត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារសំពៅ ត្រៃលោក ត្រៃលក្ខណ៍ ស្ថិតក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលព្រឹកថ្ងៃអាទិត្យទី៧ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ,តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ,តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជាការជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធតទៅ។ ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស» ប្រែថា «ភ្លៀង» ឬ «រដូវភ្លៀង» ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោច ខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេស កម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើត ខែអស្សុជ)។

ក្នុងឳកាសនេះដែរ សម្ដេច ម៉ែន សំអន ក៏បានប្រគេនទៀនព្រះវស្សា ទេយ្យទានដល់ព្រះសង្ឃចំនួន ៣៨វត្ត រួមមាននទៀនព្រះវស្សា ត្រៃយ៍ធំ បាត្រ ប្រេងម៉ាស៊ូត ទឹកក្រូច ទឹកសុទ្ធ ស្ករស មទឹកដោះគោ មីសួរ ទឹកត្រី ទឹកស៉ីអ៊ីវ តែស្លឹក អង្ករ ត្រីងៀតត្រីប្រាន ផ្លែឈើស្រស់ គ្រាប់ស្វាយចន្ទី កន្ទេលខ្សែ និងបច្ច័យចូលបុណ្យមួយចំនួន៕
ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner