សំឡេងគាំទ្រគម្រោងព្រែកជីកហ្វូណន តេជោ ពីខេត្តបាត់ដំបង

បាត់ដំបង៖គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក​ប្រវត្តិសាស្ត្រទី១នៅកម្ពុជាក្រោមគំនិតផ្ដួចផ្តើមរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជា​ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន​សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានបន្តស្នាដៃជំរុញបន្ថែម ក្នុងការអភិវឌ្ឍ​គម្រោងព្រែកជីកនេះធ្វើឱ្យសម្រេចនាពេលអនាគតហើយគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

ដូចជាបណ្ដាខេត្តដទៃដែរ ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង​ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ
ការអនុវត្ត​គម្រោងព្រែកជីកហ្វូណនតេជោ ។អ្វីដែលថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​ បាត់ដំបង​ចង់ឃើញ គឺការបើកការដ្ឋាន​ជីកព្រែកនេះឱ្យបានលឿនបំផុត ដើម្បីផ្តល់ឱកាសជំរុញនូវ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ដោយឡែក តំណាងប្រជាពលរដ្ឋក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបងវិញ ក៏បានបង្ហាញពីអារម្មណ៍និងទស្សនៈ​របស់ខ្លួនផងដែរគឺគាំទ្រយ៉ាងពេញទំហឹង។

សូមរម្លឹកថា គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាង​ទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពតនិងខេត្តកែបមានប្រវែង១៨០គីឡូម៉ែត្រ។ព្រែកជីក​ហ្វូណន​តេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនផ្លូវសមុទ្រដែលអាចកាត់​បន្ថយតម្លៃដឹកជញ្ជូន,កាត់បន្ថយទាំងពេលវេលា ,ចម្ងាយ
និងការកកស្ទះក៏ដូចជាកាត់បន្ថយនូវនីតិវិធីនិងបែបបទសម្រាប់នាវាក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។មិនតែប៉ុណ្ណោះថែមទាំងបង្កើតបាន ជាតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម តំបន់សេដ្ឋកិច្ច ពិសេសការ​អភិវឌ្ឍផែរណបថ្មីៗជាច្រើន និងពង្រីកនូវតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រវារីវប្បកម្មនិងចិញ្ចឹមសត្វ ព្រមទាំងជួយរំដោះ​ទឹក​ជំនន់ ក្នុងរដូវវស្សានិងកាន់ តែជួយបង្កើនផលត្រីទឹកសាប​​នៅ​​តាមព្រែក។ជួយជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម​កាន់តែជំរុញនូវការរីកចម្រើនអចលនទ្រព្យ ការវិនិយោគ និងបង្កើនឱកាសការងារផ្សេងៗ…។ល។

ថ្មីៗនេះសម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជាបាន​ណែនាំ ឱ្យមានការរៀបចំបាញ់កាំជ្រួច និងទូងស្គរ នៅគ្រប់ទី​កន្លែង ដែលអាចធ្វើទៅបាន នៅថ្ងៃបើកការដ្ឋានជីកព្រែកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner