“រុក្ខទិវា ៩ កក្កដា “ដើម្បីបំផុសចលនាការដាំដុះដើមឈើ និងបង្កើនក្តីស្រឡាញ់ព្រៃឈើ

ភ្នំពេញ៖ ពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២៤ នឹង​ប្រារព្ធនៅថ្ងៃអង្គារ​ ទី៩ខែកក្កដានាតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទនឹងផ្តល់​ជូនសាធារណជន នូវកូនឈើចំនួន ៩,៩៩៩ដើម សម្រាប់ដាំ​ដើម្បី​ជួយស្តារ​ឡើងវិញនូវផ្ទៃដី ៣០ហិកតា។

ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍រុក្ខទិវាថ្នាក់ជាតិចំនួន៣លើកមកហើយ។គឺនៅឆ្នាំ១៩៩៣ ,២០០៨ និងឆ្នាំ២០១៤។

គួររំលេចឱ្យដឹងថា បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។

បន្ទាប់ពីកម្ពុជាមានការបង្រួបបង្រួមជាតិ ក៏ដូចជាដើម្បីបន្តស្នាព្រះហស្ថរបស់បរមរតនកោដ្ឋ នរោត្តម សីហនុ,រដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា»តាមសេចក្តីសម្រេចចុះថ្ងៃទី១២ខែមករាឆ្នាំ១៩៩០របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី
ដែលត្រូវប្រារព្ធនៅថ្ងៃទី៩ខែកក្កដាហើយចាប់ពីឆ្នាំ១៩៩២មកពិធី«រុក្ខទិវា»បានប្រារព្ធជាទៀងទាត់នៅរាជធានី-ខេត្តចំនួន២៥ទូទាំងប្រទេស។។បន្ដមកច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ក៏បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិហៅថា «រុក្ខទិវា»នៅថ្ងៃទី៩ខែកក្កដាជារៀងរាល់ឆ្នាំ។

ក្នុងច្បាប់ស្ដីពីព្រៃឈើនាឆ្នាំ២០០២ជំពូកទី១២មាត្រាទី៦០បានចែងថា៖ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឬព្រះរាជ តំណាង។

ទិវានេះពិតជាមានអត្ថន័យដ៏ឧដ្តុង្គឧត្តមនិងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ។

ដោយឡែកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកន្លងមកបានប្រកាសផ្តល់ កូនឈើចំនួនមួយលានដើមក្នុងមួយឆ្នាំជូនប្រជាពលរដ្ឋកម្ពុជា។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថាដើមឈើចម្រុះរាប់ម៉ឺនដើមត្រូវបានគ្រោងរៀបចំដាំនៅក្នុង «រុក្ខទិវា» និង យុទ្ធនាការ «ពន្លកបៃតង» និង«ផ្ទះមួយខ្នង ដើមឈើមួយដើម» ដើម្បីបង្កើនភាពបៃតង និងគម្របព្រៃឈើនៅកម្ពុជានាថ្ងៃទី៩ ខែកក្កដានេះ។

ក្រៅពីនេះក្រសួងបរិស្ថានក៏នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ«ពន្លកបៃតង»និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដាខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន។ក្នុងកម្មវិធីនេះនឹងមានការតាំង បង្ហាញ និងចែកកូនឈើដោយឥតគិតថ្លៃដល់ពលរដ្ឋ យកទៅដាំដុះ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា។

ព្រៃឈើ គឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ។ដូច្នេះយើងត្រូវ តែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារ បរិស្ថានធម្មជាតិឱ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផងសហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផងព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរ ដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner