ស្លាប់ដោយសារទទួលទានត្រីក្រពតនៅកំពង់ឆ្នាំង (Video Inside)

បុរសវ័យ៦០ឆ្នាំម្នាក់ បានស្លាប់ដោយសារសង្ស័យថា បានពុលត្រីក្រពត បន្ទាប់ពីបានយកត្រីនោះ មកចំអិនហូបនៅខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិទី៣ នៃសង្កាត់ខ្សាម ដែលជនរងគ្រោះមានឈ្មោះ ចាន់ រដ្ឋា។

មន្ត្រីជំនាញក្រសួងសុខាភិបាល ធ្លាប់បានជូនដំណឹងឲ្យដឹងថា ត្រីក្រពតមានយ៉ាងហោច ៩ប្រភេទផ្សេងគ្នា ក្នុងនោះត្រីក្រពត ៥ប្រភេទ គឺជាប្រភេទត្រីដែលមានជាតិពុល។

យោងតាមក្រុមគ្រួសារជនរងគ្រោះ ការយកត្រីក្រពតមួយចំនួនបានធ្វើម្ហូបនោះ ត្រូវគេសង្ស័យថា អាចមានត្រីក្រពតមួយ ក្នុងចំណោមត្រីដែលមានជាតិពុល និងត្រូវបានគេបានហាមឃាត់។ បុរសអាយុ៦០ឆ្នាំ ក្រោយការទទួលទានរួចមក ក៏មានអាការៈវិលមុខ ក្អួតចង្អោរ វង្វេងវង្វាន់ ដៃជើងស្ពឹក និងពិកបាកក្នុងការដកដង្ហើម។

ក្រុមគ្រួសារបានប្រញាប់បញ្ជួនរូបគាត់ទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែនៅតែមិនធូរស្រាល ត្រូវបញ្ជូនបន្តមករាជធានីភ្នំពេញ។ គាត់បានបាត់បងជីវិតនៅតាមផ្លូវ ក្នុងពេលកំពុងបញ្ជូនមកពេទ្យ នៅរាជធានីភ្នំពេញនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤កក្កដាកន្លងមក នៅក្នុងខេត្តកំពង់ឆ្នាំងដដែលនោះ ក៏មានមនុស្ស ៧នាក់ ក្នុងមួយគ្រួសារបានបរិភោគត្រីក្រពតនេះ និងបានរងការពុល ប៉ុន្តែត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា នៅមន្ទីរពេទ្យបង្អែកខេត្ត។

ads banner