មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី ៖ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន មានបុគ្គលជាមេខ្យល់ក្រោមរូបភាពមនុស្សធម៌ ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ក្នុងការស្នើសុំដីធ្លី

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ឱ្យដឹងថា មានបុគ្គលមួយចំនួន ក្រោមលេសធ្វើទង្វើមនុស្សធម៌ បាននិងកំពុងដើរប្រមូលស្នាមមេដៃ រៀបចំឯកសារ និងឈរឈ្មោះធ្វើជាអ្នកតំណាងឱ្យគ្រួសារប្រជាពលរដ្ឋដើម្បី ដាក់ពាក្យស្នើសុំដីធ្លីពីអាជ្ញាធរមានសមត្ថកិច្ច ឬពីរាជរដ្ឋាភិបាល ដោយលើកហេតុផលថា គ្រួសារទាំងនោះ ជាគ្រួសារក្រីក្រ និងគ្មានដីធ្លី សម្រាប់សាងសង់លំនៅឋាន ក៏ដូចជាបង្កបង្កើនផល ។ បុគ្គលជាមេខ្យល់ទាំងនោះ តែងធ្វើការរ៉ៃអង្គាស ឬដាក់លក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលចូលរួមដាក់ពាក្យសុំដីបង់ប្រាក់ទៅឱ្យពួកគេ ដោយអះអាងថាយកទៅធ្វើសោហ៊ុយ “រត់ការ” ដើម្បីស្នើសុំដីពីអាជ្ញាធរមានសមត្ថកិច្ច ។

មន្រ្តីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា ការស្នើសុំបែបនេះ គឺខុសទាំងស្រុងនឹងលក្ខខណ្ឌនិងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានអនុញ្ញាត ហើយធ្វើឱ្យប៉ះពាល់ដល់បំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលក្រីក្រនិងត្រូវការដីពិតប្រាកដ ។ ក្នុងន័យនេះ ដើម្បីទទួលបានដីពិតប្រាកដ និងដើម្បីចៀសវាងចាញ់ការបោកប្រាស់ពីសំណាក់ជនខិលខូច គ្រួសារដែលក្រីក្រ ឬដែលគ្មានឬខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យដោយផ្ទាល់នៅសាលាឃុំ សង្កាត់ ដើម្បីស្នើសុំដីតាមលក្ខខណ្ឌនិងនីតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច ដែលអនុវត្តដោយរដ្ឋបាលឃុំ សង្កាត់ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជនដែលបានចាប់ផ្តើមនិង/ឬកំពុងធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីដាក់លិខិតស្នើសុំដីរដ្ឋ គប្បីបញ្ឈប់ជាបន្ទាន់ ព្រោះទង្វើទាំងនេះ មិនត្រឹមតែជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់នយោបាយដ៏ត្រឹមត្រូវ និងចេតនាដ៏ល្អរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលនយោបាយស្តីពីសម្បទានដីសង្គមកិច្ចចាប់តាំងពីឆ្នាំ២០០៣ មក ។ ក្នុងន័យនេះ គ្រួសារប្រជាពលរដ្ឋដែលគ្មានដីឬខ្វះខាតដីពិតប្រាកដ អាចទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅរដ្ឋបាលឃុំ សង្កាត់ដែលជាទីលំនៅអចិន្រ្តៃយ៍របស់ខ្លួន ដើម្បីរដ្ឋបាលឃុំ សង្កាត់ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលទ្ធភាពរៀបចំផែនការកម្មវិធីសម្បទានដីសង្គមកិច្ចតាមលក្ខខណ្ឌនិងនីតិវិធីជាធរមាន។

យោងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតពីចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទ រាជរដ្ឋាភិបាលសម្រេចផ្តល់ដីសរុបទំហំប្រមាណ ១,៣លានហិកតា ជូនប្រជាពលរដ្ឋសរុបជិត ៥០ម៉ឺនគ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៨ ១៤១ខ្នង ៕
ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner