រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន

ឧត្តរមានជ័យ ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យជំនួសឯកឧត្តម ប៉ែន កុសល្យ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំម២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃបានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្រតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ដែលយល់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។

ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធន៍ដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ។ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារនិងសម្ភារៈផ្សេងៗ និងការពង្រឹងភាពស្អាតស្អំរបស់មន្រ្តីនៅខាងក្នុង។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់បង្ក្រាបករណីជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើជួញដូរមនុស្ស សុវត្ថិភាពចរាចរណ៍ ជាពិសេសពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងសុវត្ថិភាពចំណី អាហារ រួមទាំងអាហារសម្រាប់កុមារតាមសាលារៀន ខិតខំទាក់ទាញការវិនិយោគ ពង្រីកសក្ដានុពលទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាប់ព្រំដែន នៃប្រទេសថៃ៕
ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner