នគរបាលហៅសារសម្លេងអះអាងការប្រើប្រាស់ Power Bank ដើម្បីលួចទិន្នន័យឯកជន តាមទូរស័ព្ទថា ជាការ «ប្រឌិតព័ត៌មានបំពុលបង្កប៉ះពាល់ដល់សន្តិសុខជាតិ» (Video Inside)

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រញាប់បដិសេធនូវសម្លេងរបស់ស្ត្រីម្នាក់ តាមរយៈប្រព័ន្ធបណ្តាញសង្គម Telegram ដែលអះអាងថា ការប្រើប្រាស់ Power Bank នឹងនាំឱ្យមានការលូចយកទិន្នន័យ ឬការលួចលុយពីគណនីធនាគារក្នុងទូរស័ព្ទ។

Power Bank គឺជាឧបករណ៍សម្រាប់សាកថ្មទូរសព្ទ ដែលក្រុមជំនាញនិយាយថា វាមិនជាប់ពាក់ព័ន្ធនឹងការលួចយកទិន្នន័យការលួចលុយពីគណនីធនាគារឡើយ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី៨ កក្កដាថា ការប្រើប្រាស់ Power Bank មិនអាចលួចយកទិន្នន័យ ឬលួចលុយពីគណនីធនាគារ តាមទូរសព្ទបានឡើយ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់ទុកសារសម្លេងនោះ គឺជាការ «ប្រឌិតព័ត៌មានបំពុល នាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ»។

អគ្គស្នងការដ្ឋាននគរបាលជាតិបានអំពាវនាវសាធារណជន មិនត្រូវចែកចាយសារសម្លេង ដែលនិយាយប្រឌិតរឿងមិនពិតនោះ បង្កឱ្យមានការភ័ន្តច្រឡំក្នុងសង្គមឡើយ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនអនាមិក ដែលប្រឌិតព័ត៌មាននោះ។

ads banner