កីឡាករជឺជីតស៊ូកម្ពុជាទទួលបានមេដាយមាស៩ ក្នុងការប្រកួត Regional Championship-Southeast Asia (Video Inside)

ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយចំនួន ២១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក តំបន់នៅអាស៊ីអាគ្នេយ៍ Regional Championship-Southeast Asia ក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្នុងការប្រកួតលើលើកោះបាលីចំនួន ៦ប្រទេស រវាងពីថ្ងៃទី៦ដល់៧ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមសរុប ៤១២នាក់។ ជាលទ្ធផល ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានទទួលមេដាយមាស ៩គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៨គ្រឿង។

ប្រទេសទាំង៦ ដែលបានចូលរួមគឺឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ, កម្ពុជា, ថៃ, សឹង្ហបុរី, ហ្វីលីពីន និងវៀតណាម។

អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជាលោក ថោង បញ្ញាធន បានថ្លែងបង្ហាញនូវមោទនភាពយ៉ាងខ្លាំងក្លា ជាមួយការបញ្ជាក់ថា «សមត្ថភាព នៃការបង្ហាញរបស់កីឡាករកម្ពុជា បានសម្រេច ទទួលមេដាយជូនជាតិម្តងហើយម្តងទៀត ក្នុងចំណោមអត្តពលិកកម្រិតខ្ពស់បំផុត ក្នុងតំបន់ ដែលនេះគឺពិតជាសមិទ្ធិផលដ៏ឆ្នើម និងឆ្លុះបញ្ចាំងពីការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការហ្វឹកហាត់»។

តំណាងសហព័ន្ធជឺជីតស៊ូកម្ពុជា បានថ្លែងអំណរគុណវិទ្យាស្ថានខេមអេដ និងសមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ និងបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមប្រកួត ព្រមទាំងដៃគូសហការផ្សេងទៀត ដែលនាំឲ្យក្រុមកីឡាជឺជីតស៊ូរបស់កម្ពុជា ទទួលបានជោគជ័យ៕

ads banner