មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំពិធីបុណ្យផ្កាយក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC សហការជាមួយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញនឹងប្រារព្ធពិធីបុណ្យតាណាបាតាក់ ឬ បុណ្យផ្កាយ ជាពិធីបុណ្យបែបប្រពៃណីជប៉ុន ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

អាន: ពិធីបុណ្យតាណាបាតាក់ ឬ បុណ្យផ្កាយ នឹងមានវត្តមានចូលរួមពី ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តយសតំណាងពីស្ថាបនជាតិ ស្ថាបនជប៉ុនក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត។

លោក ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបញ្ជាក់ថា ពិធីបុណ្យតាណាបាតាក់ ឬ បុណ្យផ្តាយ ជាពិធីបុណ្យបែបប្រពៃណីជប៉ុន ។ជារៀងរាល់ឆ្នាំគេធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ដើម្បីរំលឹកដល់ការជួបគ្នានៃស្នេហាតារាពីរដួង ឈ្មោះ អូរិហ៊ីម៉ិ (Orihime) និងហ៊ីកូបូហ្ស៊ី (Hikoboshi) ដែលអ្នកទាំងពីរត្រូវបានបំបែកបំបាក់ដោយ ទន្លេអាម៉ាណូហ្កាវ៉ា (Amanogawa river) ដែលបង្កើតឡើងដោយ កាមិសាម៉ា (Kamisama) ដោយអនុញ្ញាតឲ្យអ្នកទាំងពីរជួបគ្នាបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅពេលផ្ទៃមេឃស្រឡះ។ នៅក្នុងពិធីបុណ្យនេះដែរ ប្រជាជនជប៉ុនតែងតែសរសេរពាក្យប៉ងប្រាថ្នារបស់ខ្លួននៅលើប្រដាស និងដាក់បិទភ្ជាប់ទៅនឹងដើមឬស្សី។ ពួកគេជឿជាក់ថា បំណងប្រាថ្នារបស់ពួកគេនឹងក្លាយជាការពិតនៅអំឡុងពិធីបុណ្យតាណាបាតាក់។

ចំពោះពិធីបុណ្យនាឆ្នាំនេះ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក៏មានសកម្មភាពវប្បធម៌ និងការតាំងពិព័រណ៍ផ្សេងៗជាច្រើនផងដែរ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរបានស្គាល់ពីវប្បធម៌ជប៉ុន។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ផ្តើមប្រារព្ធពិធីបុណ្យតាណាបាតាក់នេះ ចាប់តាំងពីឆ្នាំ២០០៤មកម៉្លេះ។ ក្រៅពីពិធីបុណ្យនេះ មជ្ឈមណ្ឌលក៏មានប្រារព្ធពិធីបុណ្យផ្សេងៗជាច្រើនទៀតផងដែរ ដូចជាមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ពិធីបុណ្យសែនព្រះខែ និងពិធីបុណ្យប្រពៃណីខ្មែរ-ជប៉ុនជាច្រើនផ្សេងទៀត ដើម្បីជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ក៏ដូចជាផ្តល់ឱកាសអោយប្រជាជនកម្ពុជាស្គាល់ពីវប្បធម៌ជប៉ុន និងប្រជាជនជប៉ុននៅក្នុងប្រទេសកម្ពុជាបានស្គាល់ពីវប្បធម៌ខ្មែរ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner