វគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួត គឺជាការលើកម្ពស់ ដំណើរការប្រកួតឲ្យប្រព្រឹត្តទៅកាន់តែល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី២ សហព័ន្ធ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បានចាត់ទុកវគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិ កម្រិត១ នាពេលនេះ មានសារៈសំខាន់ ព្រោះវាជាការ លើកកម្ពស់ ដំណើរការប្រកួតឲ្យប្រព្រឹត្តិទៅកាន់តែល្អប្រសើរ ។
ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាស “បិទ វគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិ កម្រិត១ នារសៀល ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៤ នៅ ខេត្តស្វាយរៀង។
ឯកឧត្តម អនុប្រធានសហព័ន្ធ បន្ដថា កីឡានីមួយៗ មានច្បាប់ល្បែងរបស់វា ។បើយើងអ្នករៀបចំគ្រប់គ្រងព្រឹត្តិការណ៍នីមួយៗអត់ចេះច្បាប់ យើងទៅកាត់ក្ដី យើង មិនអាចឈរលើ គោលការណ័យុត្តិធម៌បានដែរ ហើយ នឹងត្រូវទទួលការរិះគន់ពី ទស្សនិកជន ជាមិនខាន ។
ឯកឧត្តមលើកឡើង ទៀតថា ធ្វើអ្វីក៏ដោយ មិនអាចត្រូវឥតខ្ចោះនោះទេ គឺតែងតែមានខុសខ្លះ ។ប៉ុន្ដែយើងត្រូវកាត់បន្ថយកំហុសទាំងនោះ ទោះដោយចេតនាក្ដី ឬ អចេតនាក្ដី ឲ្យនៅតូច។
ឯកឧត្តមបន្តថា វគ្គបណ្ដុះបណ្ដាលនេះគឺជាការដុសខាត់ វិជ្ជាជីវៈរបស់យើងឲ្យកាន់តែប្រសើរសម្រាប់រៀបចំការប្រកួតព្រឹត្តិការណ៍ប្រណាំងទូកនាគឲ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ។ ការរៀនសូត្រ បង្កើនចំណេះដឹងនេះសំខាន់ណាស់ ដូចនេះហើយបានជាសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ។
យើងមើលឃើញថាកីឡាករ កីឡាការិនី យើង មានសមត្ថភាពរីកចំរើន គួរឲ្យកត់សម្គាល់ ។ជាក់ស្ដែង ថ្មីៗនេះ យើងទទួលបានជ័យជំនះពីការប្រកួតទូកនាគ នៅប្រទេស រុស្សី ដោយដណ្ដើមបានមេដាយ ៣គ្រឿង មានមាស១ និង សំរឹត២ និងការប្រកួត ទូកកានូ និងទូករ៉ូអ៊ីង នៅប្រទេសវៀតណាម យើងទទួលបានមេដាយសំរិទ្ធ ៣គ្រឿង នេះជាមោទនភាពដ៏ធំធេងសម្រាប់ជាតិទាំងមូល ។
ឯកឧត្តម សរ សិទ្ធិ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះគឺជា ការធ្វើបច្ចុប្បន្នភាព កីឡា របស់យើង ឲ្យដើរ ទាន់គេ ទាន់ការវិវឌ្ឍរបស់សហព័ន្ធកីឡាអន្ដរជាតិ ។ ដូចនេះសូមឲ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងទាំងនេះ ទៅអនុវត្តឲ្យបានត្រឹមត្រូវ និង ខិតខំស្រាវជ្រាវបន្ថែម ដើម្បីបង្កើចំណេះដឹងរបស់ខ្លួនឲ្យកាន់តែប្រសើរ ។ ក្នុងនាម ជាអាជ្ញាកណ្ដាលកុំលម្អៀងខុសពីវិជ្ជាជីវៈ យើងត្រូវឈរលើស្មារតីជាអាជ្ញាកណ្ដាល ដើម្បីរក្សាកេរឈ្មោះរបស់យើង និង រក្សាកេរ្តិ៍ឈ្មោះរបស់ជាតិយើង ។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះ អាជ្ញាធរខេត្តស្វាយរៀងជាខ្លាំងសម្រាប់ការទទួលស្វាគមន៍ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាឲ្យបោះទីតាំងនៅ ក្នុងមូលដ្ឋានរបស់ខ្លួនដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកីឡាប្រណាំងទូកនៅកម្ពុជា។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិ កម្រិត ១ ដំណើរការពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកក្កដា មានសិក្ខាកាមចំនួន២០នាក់ ឧទ្ទេសនាមដោយ អ្នកជំនាញ២រូបដែលសហព័ន្ធកីឡាទូកនាគអន្ដរជាតិបញ្ជូនមក ។តាមការវាយតម្លៃ ពីគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទទួលបាន និទ្ទេស ល្អ ៤០ភាគរយ,និទ្ទេសល្អបង្គួរ ៣០ភាគរយ,និទ្ទេស មធ្យម២០ភាគរយនិង និទ្ទេសខ្សោយ ១០ភាគរយ។ នេះបើតាមការឲ្យដឹងពី លោក គង់ សុភាព ប្រធានគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល៕
រូបភាពៈជីម ភារ៉ា
អត្ថបទៈ ជាវ ចន្ធូ


