ចិនផលិតឆ្កែយន្តជើង ៦ ធ្វើជាជំនួយការអ្នកពិការភ្នែក
ប៉េកាំង៖ សាលាវិស្វកម្មមេកានិច នៃសាកលវិទ្យាល័យចិន Shanghai Jiao Tong បានបង្កើតឆ្កែយន្ត ជើងប្រាំមួយ មានកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាសម្គាល់សញ្ញាចរាចរណ៍ ធ្វើជាជំនួយការរបស់អ្នកពិការភ្នែក។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering កាលពីពេលថ្មីៗនេះ។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ឆ្កែយន្តនេះ អាចយល់ និងឆ្លើយតបទៅនឹងការបញ្ជា ដោយសំឡេង ពីអ្នកប្រើប្រាស់ដែលពិការភ្នែក ជាមួយនឹងភាពត្រឹមត្រូវ ជាង ៩០% និងពេលវេលាឆ្លើយតបយ៉ាងលឿន ពោលគឺតិចជាងមួយវិនាទី។ វាអាចប្រតិបត្តិតាមពាក្យបញ្ជា ដូចជា ចាប់ផ្តើម, ឈប់, ទៅមុខ បកក្រោយ បង្កើនល្បឿន និងបន្ថយល្បឿន ជាដើម។
នៅប្រទេសចិន មានឆ្កែពិតនាំផ្លូវ ៤០០ប្រភេទ រួមទាំងឆ្កែ Labradors សម្រាប់មនុស្សពិការភ្នែក ជិត២០លាននាក់ តែវាមានតម្លៃថ្លៃ។ នេះបើតាម Interesting Engineering ដដែល។
សាស្ត្រាចារ្យ Gao Feng ដែលដឹកនាំការស្រាវជ្រាវបង្កើតឆ្កែយន្ត បានប្រាប់ Reuters ថា « ឆ្កែយន្តនេះ អាចជាទីផ្សារដ៏ធំមួយ ព្រោះប្រហែលជា មានមនុស្សរាប់សិបលាននាក់ នៅលើពិភពលោក កំពុងត្រូវការសត្វឆ្កែនាំផ្លូវ»៕
ប្រែសម្រួល៖ សារ៉ាត