លោក ស៊ី ជំរុញឱ្យមហាអំណាចពិភពលោកជួយរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការកិច្ចចរចាដោយផ្ទាល់ឡើងវិញ

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័របាន កាលពីថ្ងៃចន្ទថា មហាអំណាចពិភពលោកគួរតែជួយរុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមការចរចាដោយផ្ទាល់ឡើងវិញ ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីប៉េកាំង ដោយមេដឹកអឺរ៉ុបបានហៅការបំពេញទស្សនកិច្ចនេះថា ជា “បេសកកម្មសន្តិភាព”។

ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្តីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចេញផ្សាយថា សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌ និងផ្តល់ជំនួយសម្រាប់ភាគីទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន) ឱ្យបន្តការសន្ទនា និងការចរចាដោយផ្ទាល់ឡើងវិញ។ លោក ស៊ី បានប្រាប់នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័របាន ថា លុះត្រាតែប្រទេសមហាអំណាចទាំងអស់បញ្ចេញថាមពលវិជ្ជមាន ជាជាងថាមពលអវិជ្ជមាន ទើបការចាប់ផ្តើមបទឈប់បាញ់នៅក្នុងជម្លោះនេះលេចឡើងឆាប់រហ័ស។

បើតាមទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បានសង្កត់ធ្ងន់ថា វាជាផលប្រយោជន៍របស់ភាគីទាំងអស់ ក្នុងការបញ្ឈប់សង្គ្រាម និងស្វែងរកដំណោះស្រាយនយោបាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងថា ការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្ន គឺត្រូវគោរពតាមគោលការណ៍ទាំងបី ក្នុងនោះរួមមានបញ្ឈប់សមរភូមិប្រយុទ្ធ, បញ្ឈប់ការរាលដាលភ្លើងសង្រ្គាម និងបញ្ឈប់ការដុតបញ្ឆេះភ្លើងជម្លោះពីសំណាក់ភាគីទាំងអស់ ដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែត្រជាក់ខ្លាំងតាមដែលអាចធ្វើទៅបាន។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក អ័របាន បានបង្ហោះសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រទេសចិន គឺជា “មហាអំណាចដ៏សំខាន់ ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព” នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោកបន្តថា នេះជាមូលហេតុដែលខ្ញុំមកជួបជាមួយលោកប្រធានាធិបតី ស៊ី នៅទីក្រុងប៉េកាំង។ ក្រៅពីប្រទេសចិន លោក អ័របាន នឹងបន្តដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ស្ថិតក្រោម “បេសកកម្មសន្តិភាព ៣.០”។

ដំណើរទស្សនកិច្ចរបស់លោក អ័របាន មកកាន់ប្រទេសចិន ធ្វើឡើងមួយថ្ងៃមុនពេលអង្គការណាតូនឹងរៀបចំកិច្ចប្រជុំកំពូលមួយ ដើម្បីប្រារព្ធខួបលើកទី ៧៥ របស់ខ្លួន ជាមួយនឹងបញ្ហាលំបាកៗក្នុងប្រទេសអ៊ុយក្រែន ដែលរំពឹងថា នឹងគ្របដណ្តប់លើការពិភាក្សារួមគ្នា ពោលគឺបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាលពីសប្តាហ៍មុន៕ ប្រភព AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner