ត្រឹម៦ខែ ផ្លូវដែកវៀតណាមរកចំណូលបាន ១៧៧លានដុល្លារ

ហាណូយ៖ ក្រុមហ៊ុន Vietnam Railways (VNR) ដែលជាប្រតិបត្តិករផ្លូវដែក គ្រប់គ្រងដោយរដ្ឋផ្តាច់មុខ បានរាយការណ៍ថា ប្រាក់ចំណូលពាក់កណ្តាលឆ្នាំរបស់ខ្លួនមានចំនួនជាង ១៧៧លានដុល្លារ កើនឡើងលើសពីប្រាក់ចំណូលពេញមួយឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២១។

ក្រុមហ៊ុន Vietnam Railways (VNR) បានប្រកាសនៅក្នុងសន្និសីទកាសែតនាពេលថ្មីៗនេះថា ប្រាក់ចំណូលពាក់កណ្តាលឆ្នាំរបស់ខ្លួនបានកើនឡើងជាង ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នា VNR ក៏បានកំណត់គោលដៅស្រូបទាញប្រាក់ចំណូលជាង ២៤៦លានដុល្លារ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤នេះ ខណៈដែលចំនួនអ្នកដំណើរបានហក់ឡើងដល់ជិត ២១ភាគរយ។

ក្រុមហ៊ុន Vietnam Railways (VNR) បានបើកដំណើរការសេវាកម្មឯកទេស មានដូចជាខ្សែរថភ្លើងទៅកាន់ “តំបន់បេតិកភណ្ឌ” រវាងទីក្រុង Hue និង Da Nang ក៏ដូចជាខ្សែរថភ្លើងដែលផ្តល់ជូននូវការធ្វើដំណើរ និងសេវាកម្មផ្ទាល់ខ្លួននៅក្នុងខែមីនា និង ការធ្វើដំណើរតាមរថភ្លើង “Da Lat night” នៅក្នុងខែមេសា។ VNR ក៏បានពង្រីកការដឹកជញ្ជូនទំនិញអន្តរជាតិ រួមទាំងទៅកាន់ប្រទេសរុស្ស៊ី អឺរ៉ុប ម៉ុងហ្គោលី និងអាស៊ីកណ្តាល។

ក្រុមហ៊ុន Vietnam Railways (VNR) មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៥អង្គភាព ក្នុងនោះគ្រប់គ្រងដោយខ្លួនឯងផ្ទាល់ចំនួន១៧ និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួន៨ រួមទាំងក្រុមហ៊ុនពាក់ព័ន្ធ ហើយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកសរុបប្រវែង ៣,១៤៣គីឡូម៉ែត្រនៅលើផ្លូវចំនួន១៥ ដែលរត់ពីជើងទៅត្បូងនៃប្រទេសវៀតណាម។ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកទីក្រុងហាណូយ និងការដឹកជញ្ជូនផ្លូវដែកទីក្រុងសៃហ្គន គឺជាសមាជិកធំបំផុតរបស់ VNR ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនទាំងពីរបានរាយការណ៍ពីប្រាក់ចំណេញជាង ៥៥ម៉ឺនដុល្លារ និង ៤៣ម៉ឺនដុល្លារ។

សម្រាប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះវិញ ប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងពីរបានកើនឡើងដល់ទៅ ៣ដងនៃគោលដៅពេញមួយឆ្នាំរបស់ខ្លួន ដោយសារការកើនឡើងតម្រូវការអ្នកដំណើរ។ ក្រុមហ៊ុនទាំងពីរនឹងត្រូវរួមបញ្ចូលគ្នាក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីម្ចាស់ហ៊ុន៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner