ក្រសួងការងារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនចុះ​អនុស្សរណៈ​លើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈនិងលោក ហ្វូគូហារ៉ា គូជី(FUKUHARA KOJI) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC)បានចុះអនុស្ស​រណៈ​យោគយល់គ្នាមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការ​ចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

ការចុះអនុស្សរណៈដែលធ្វើឡើងនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈនេះមានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាពនិងការ ផ្លាស់​ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជន​គោលដៅ​ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់​ចំណូល​សមរម្យ។

កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះ​កម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជា​គុណ​ប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាពផលិតភាពដើម្បី បម្រើ​ទីផ្សារការងារនៅកម្ពុជា។

លោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនបាននិយាយថាការចុះអនុស្សរណៈនេះនឹងបើកផ្លូវ ឱ្យមាន​ការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្រប​ជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។

ចំណែក ឯកឧត្តម ហេង សួរ បានសង្ឃឹមថាការចុះកម្មសិក្សានេះ មិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏​ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យ​សហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។

គប្បីជម្រាបថាការចុះអនុស្សរណៈរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននា​ពេលនេះ ជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពី​ក្រសួងការងារ បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជ​កម្ម​កម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែ​វិច្ឆិកាឆ្នាំ២០២៣កន្លងទៅដើម្បីផ្តល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការដើម្បីដក​ស្រង់បទ​ពិសោធន៍ជាក់ស្តែងបានដោយពិតប្រាកដ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner