យុវតីបីនាក់បងប្អូនស្លាប់ដោយលង់ទឹកនៅបឹង ក្នុងក្រុងតាខ្មៅ (Video Inside)

យុវតី៣នាក់ជាបងប្អូនដែលបាត់ចេញពីផ្ទះជាច្រើនម៉ោង ត្រូវបានសមត្ថកិច្ចរកឃើញសាកសពលិចនៅក្នុងទឹកបឹងមួយកន្លែង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្មេងស្រីទាំងបីដែលគេមិនបញ្ចេញអត្តសញ្ញាណ ត្រូវក្រុមគ្រួសារបានថ្លែងថា ពួកគេទាំងបីបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី៨កក្កដា។ យោងតាមកាមេរ៉ាសុវត្ថិភាព ក្មេងស្រីទាំងបីដែលរស់នៅក្នុង «បុរីរណបសុភមង្គល» ក្នុងក្រុងតាខ្មៅ បាននាំគ្នាដើរចេញពីផ្ទះវេលាម៉ោងប្រមាណ ៨កន្លះព្រឹក។

ក្រុមគ្រួសារក្រោយមិនឃើញក្មេងស្រីទាំងបីវិលត្រឡប់មកបាយថ្ងៃត្រង់ បានចាប់ផ្តើមដើររក និងក្រោយមកបានប្រទះឃើញសម្ភារៈស្បែកជើង និងសម្លៀកបំពាក់របស់ពួកគេ នៅក្បែរមាត់បឹងមួយ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ជាមួយនឹងការសន្និដ្ឋានថាក្មេងស្រីទាំងបីអាចលង់ទឹកក្នុងបឹងនោះ សមត្ថកិច្ចខេត្តកណ្តាល ដឹកនាំដោយអភិបាលខេត្តថ្មី លោក គួច ចំរើន បានបញ្ជាកម្លាំងចុះរាវរកក្មេងស្រីទាំងបី។ អស់ពេលជាច្រើនម៉ោងតាំងពីល្ងាច រហូតដល់ម៉ោង១០កន្លះយប់ ទើបសមត្ថកិច្ចអាចរកឃើញសាកសពយុវតីទាំង៣នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងទឹកបឹងនោះ។

សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសពក្មេងស្រីទាំងបី និងបានបញ្ជាក់ថា ពួកគេពិតជាបានស្លាប់ដោយសារលង់ទឹកនោះមែន។

ads banner