ទឹកជំនន់សម្លាប់រមាសជាច្រើនក្បាលនៅឥណ្ឌា

ញូវដែលី៖ ភ្លៀងមូសុងនៅទូទាំងអាស៊ីខាងត្បូង ចាប់ពីខែមិថុនា ដល់ខែកញ្ញា បានជួយសម្រាលរលកកំដៅនៅរដូវក្តៅ ប៉ុន្តែក៏នាំមកនូវការស្លាប់ និងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយផងដែរ។

មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅភាគឦសាននៃប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សរាប់សិបនាក់រួចហើយនោះ ក៏បានជនលិចឧទ្យានជាតិមួយកន្លែងផងដែរ បណ្តាលឱ្យសត្វរមាសចំនួន៦ក្បាល និងសត្វព្រៃដទៃទៀតលង់ទឹកងាប់។

យោងតាមមន្ត្រីគ្រោះមហន្តរាយរដ្ឋរបស់ឥណ្ឌា បានឱ្យដឹងថា មនុស្សជាង ១.៨លាននាក់នៅទូទាំង ៣,០០០ភូមិបានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ខណៈដែលមនុស្ស ៧២នាក់បានស្លាប់ ចាប់តាំងពីពាក់កណ្តាលខែឧសភា។

អាំងតង់ស៊ីតេនៃភ្លៀង និងទឹកជំនន់បានកើនឡើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យបញ្ហាអស់ទាំងនេះកាន់តែធ្ងន់ធ្ងរឡើងៗ។ នៅពេលដែលទឹកស្រកចុះ ផលប៉ះពាល់លើសត្វព្រៃពីទឹកជំនន់ក៏ត្រូវបានគេមើលឃើញផងដែរ រួមទាំងនៅក្នុងឧទ្យានជាតិ កាហ្ស៊ីរ៉ាន់ហ្គា ផងដែរ។

ឧទ្យានជាតិ កាហ្ស៊ីរ៉ាន់ហ្គា គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជាជម្រករបស់សត្វរមាសពីរភាគបីនៃសត្វរមាសដែលនៅសេសសល់របស់ពិភពលោក ដែលត្រូវបានចាត់ថ្នាក់ថា ជាសត្វងាយរងគ្រោះនៅក្នុងបញ្ជីក្រហម នៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។ ឧទ្យាននេះមានសត្វរមាសចំនួន ២,៤១៣ក្បាល នេះបើយោងតាមទិន្នន័យកត់ត្រាកាលពីឆ្នាំ ២០១៨៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner