ឆ្នាំនេះ ក៏ដូចរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ផ្តល់ការគាំទ្រនិងឧបត្ថម្ភ ក្នុងរៀបចំធ្វើបុណ្យរំឮកខួបសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា

តាកែវ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជាខួប៨ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម។ ដូចជារាល់រៀងឆ្នាំដែរ នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចូលរួមផ្តល់នូវកញ្ចប់ថវិកាមួយចំនួនដល់សាច់ញាតិសពលោកបណ្ឌិត កែម ឡី ដើម្បីរៀបចំពិធីបុណ្យរំឮកខួបឱ្យបានសមរម្យ។ នៅថ្ងៃទី១០ ខែកក្កដា ក្រុមយុវជនពិសេសសម្តេចតេជោ ដែលដឹកនាំលោក ហេង សំណាង នឹងនាំក្រុមយុវជន ក្រុមកងារ ជួយរៀបចំកម្មវីធី នៅផ្ទះលោកបណ្ឌិត កែម ឡី ដោយផ្ទាល់តែម្តងនៅក្នុងខេត្តតាកែ ដែលមាន លោក ធូវី សុវណ្ណដារ៉ា ជាគណៈកម្មការរៀបចំកម្មវិធី។

លោក ហេង សំណាង បានគូសបញ្ជាក់ថា នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ លោកថា សម្តេចតេជោ ហ៊ុន សែន បើទោះបីសម្តេចលែងកាន់អំណាចជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏ដោយ ក៏សម្តេចនៅតែបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាក់ស្តែង ដូចករណីសពលោកបណ្ឌិត កែម ឡី នេះអ៊ីចឹង។ បើទោះបីលោកបណ្ឌិត កែម ឡី បានទទួលមរណភាពរយៈពេល៨ឆ្នាំទៅហើយក្តី ក៏សម្តេចតេជោ នៅតែបន្តយកចិត្តទុកដល់សាច់ញាតិរបស់សពលោកបណ្ឌិត កែម ឡី ហើយបានផ្តល់កញ្ចប់ថវិកាជូនជារៀងរាល់ឆ្នាំ ដើម្បីរៀបចំធ្វើពិធីបុណ្យរំឮកខួបតាមបែបសាសនា។ មិនតែប៉ុណ្ណោះទេ សូម្បីចេតិយសពលោកបណ្ឌិត កែម ឡី ក៏សម្តេចតេជោ ហ៊ុន សែន បានជួយចេញថវិកា ដើម្បីសាងសង់ផងដែរ។

ថ្វីត្បិតថា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ទំនុកបម្រុងបែបនេះជារៀងរាល់ឆ្នាំក៏ដោយ ក៏សម្តេចមិនដែលគិតចង់យកបញ្ហានេះទៅផ្សព្វផ្សាយច្រើនឱ្យគេឯងបានដឹងឮដែរ។ ផ្ទុយទៅវិញ ក្រុមបក្សប្រឆាំង អង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងសកម្មជនផ្សេងៗដែលខ្លះសឹងតែមិនដែលបានជួប បានសន្ទនាសូម្បីម្តងជាមួយលោកបណ្ឌិត កែម ឡី ផង ស្រាប់តែដល់ថ្ងៃខួបមរណភាពម្តងៗ មិនដឹងមកពីណាទេ មកសម្តែងការឈឺចាប់ខ្លាំងជាងសាច់ញាតិរបស់សពលោកបណ្ឌិតទៅទៀត។ ខ្លះចេញសេចក្តីថ្លែងការណ៍នានា លើកឡើងបែបនេះបែបនោះខុសពីការពិត ហើយក៏មានចេញសេចក្តីអំពាវពាវ និងទាមទារកយុត្តិធម៌ឯណាឯណីថែមទៀត។ ការលើកឡើងទាំងអម្បាលម៉ាននេះ គឺគ្មានអ្វីក្រៅពីកេងចំណេញនយោបាយ ឬនិយាយឱ្យខ្លី គឺយកសពលោកបណ្ឌិតធ្វើជាឈ្នាន់ ធ្វើអាជីវកម្មតែប៉ុណ្ណោះ។

ចំពោះបញ្ហានេះ សាច់ញាតិបង្កើតសពបណ្ឌិត កែម ឡី លោក កែម រិទ្ធីសិត ក្មួយបង្កើតលោកបណ្ឌិត លោក ធូវី សុវណ្ណដារ៉ា បានសម្តែងការមិនសប្បាយចិត្តសោះឡើយ។ មិនសប្បាយចិត្ត ព្រោះថា មកដល់ពេលនេះហើយ នៅតែមានជនអគតិមួយចំនួននៅបន្តកេងចំណេញលើសពលោកបណ្ឌិត កែម ឡី ទៀត។ លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់សពលោកបណ្ឌិត កែម ឡី បានចេញមកអំពាវនាវដល់ក្រុមប្រឆាំង អង្គការសមាគមចំនួន និងសារព័ត៌មានបរទេសផ្សាយជាខេមរភាសាមួយចំនួនឱ្យឈប់យកសពលោកបណ្ឌិត កែម ឡី ទៅកេងចំណេញនយោបាយតទៅទៀត។ លោកស្នើឱ្យឈប់យកបញ្ហានៃសពលោកបណ្ឌិត កែម ឡី ទៅវាយប្រហារប្រឆាំងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកជួយឧបត្ថម្ភដល់ការរៀបចំបុណ្យរំឮកខួបសពលោកបណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំ។

ចំណែក ក្មួយបង្កើតសពលោកបណ្ឌិត កែម ឡី គឺលោក ធូវី សុវណ្ណដារ៉ា វិញ ក៏បានចេញមកអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម ក៏ដូចជា សារព័ត៌មានបរទេសជ្រុលនិយមមួយចំនួន កុំឱ្យយករូបភាពសពលោកបណ្ឌិត កែម ឡី ក៏ដូចជា អ្នកម្តាយរបស់បណ្ឌិត ព្រមទាំងក្រុមគ្រួសាររបស់លោកទៅកេងចំណេញផ្នែកនយោបាយ។ លោកពោលឡើងថា ពូរបស់លោក គឺលោកបណ្ឌិត កែម ឡី បានទទួលមរណភាពទៅហើយ សូមឱ្យវិញ្ញាក្ខន្ធរបស់គាត់បានស្ងប់សុខផង។

គួររម្លឹកឱ្យដឹងថា លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម ត្រូវបានគេបាញ់សម្លាប់នៅក្នុងស្តាម៉ាតរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) នៅស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ជនដៃដល់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ធ្វើសកម្មភាពរួច។ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បានសារភាពប្រាប់សមត្ថកិច្ច និងតុលាការថា ការធ្វើឃាតលើលោកបណ្ឌិត កែម ឡី នេះ គឺដោយសាររឿងរ៉ាវជំពាក់លុយមិនសង។ នៅទីបំផុត តុលាការគ្រប់ជាន់ថ្នាក់បានសម្រេចផ្តន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រោមបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕
ដោយ៖ពលជ័យ

ads banner