៤៧ថ្ងៃឃាត់ក្មេងទំនើង ១ពាន់ ១៧៧នាក់ (Video Inside)

ក្មេងទំនើងចំនួនជាង ១ពាន់នាក់ ត្រូវឃាត់ខ្លួននឹងបញ្ជូនទៅតុលាការ ក្នុងរយៈពេល៤៧ថ្ងៃ មកនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា គិតត្រឹមរយៈពេល ៤៧ថ្ងៃ រវាងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ករណី ដែលមានជនសង្ស័យចំនួន ១ពាន់ ៦១៦នាក់ ក្នុងនោះ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១ពាន់ ១៧៧នាក់ផងដែរ។

ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។

សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

ads banner