ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាមន្ត្រីរាជការ មិនថាកុមារាកុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សារភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់គ្នាៗក្នុងការចូលរួមថែរក្សាបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់គ្នាៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនាពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា លើសពីនេះ ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងបរិស្ថាន

ads banner