ផ្ទុះជម្លោះរវាងអ្នកលក់ដូរជិតគ្នា បង្កជាហិង្សា សមត្ថកិច្ច ឃាត់ខ្លួនចំនួន ៦នាក់ បញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ មនុស្ស ប្រុសស្រី ចំនួន២ក្រុម ដែលជាអ្នកលក់ដូរនៅក្បែរគ្នា បានឈ្លោះប្រកែកពាក្យសំដី លុះឈានដល់ការប្រើប្រាស់ហិង្សា វាយគ្នាទៅវិញទៅមក ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានចំនួន៦នាក់ បញ្ជូនទៅតុលាការ។ ហេតុការណ៍នៃករណីហិង្សានេះ កើតឡើងនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ចំណុចក្បែក្រសួងដែនដី ផ្លូវលេខ១០០៣ ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ភាគីទី១ ៖ មាន ឈ្មោះ ហ៊ុន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) និង ឈ្មោះ ថន ស្រី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន)។ អ្នកទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធ មានទីលំនៅ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកភាគីម្ខាងទៀតរួមមាន ឈ្មោះ រ៉ន ផល ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ២. ឈ្មោះ គ្រុយ ក្រូច អាយុ៤២ឆ្នាំ ពកសៀតផ្កាខាងឆ្វែង មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៣. ឈ្មោះ ថន វិច្ឆិកា អាយុ៣៣ឆ្នាំ របួសរយះសាច់ចុងចិញ្ចើម ខាងឆ្វេង មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) និង ឈ្មោះ ហ៊ុល កុសលសំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
សម្ភារៈដកហូតមាន ៖ ១. ផាស្អាប់ ម៉ាក បាចា ពណ៍ក្រហម ផ្លាកលេខ បាត់ដំបង១AD-៧៥៩៨ ( របស់ឈ្មោះ ហ៊ុល កុសលសំណាង ) ។ ២. ម៉ូតូ Citi ១០០ ពណ៍ក្រហម ផ្លាកលេខភ្នំពេញ១BU-៩៩០១ សណ្ដោងរឺម៉ក ( របស់ឈ្មោះ ថន វិច្ឆិកា ) ។ ៣. ម៉ូតូ Citi ១០០ ចាស់ គ្មានផ្លាកលេខ សណ្ដោរឺម៉កពណ៍ក្រហម ( របស់ឈ្មោះ ហ៊ុន រស់ ) ។ ៤. ម៉ូតូHonda C១២៥ ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ១HC-៨៥៧៣ សណ្ដោងរឺម៉កពណ៍បៃតង ( របស់ឈ្មោះ គ្រុយ ក្រូច ) ។
សមត្ថកិច្ចមូលដ្ឋាន បានបន្តថា នៅថ្ងៃកើតហេតយ ឈ្មោះថន ស្រី បានឈ្លោះប្រកែកពាក្យសម្ដីរឿងកន្លែងលក់ដូរជាមួយឈ្មោះ រ៉ន ផល ដែលជាអ្នកលក់ដូរក្បែរគ្នា ហើយអ្នកទាំងពីបានវាយប្រតាយប្រតបគ្នាទៅវិញទៅមកក៏រអិលធ្លាក់ទឹកប្រឡាយឃើញដូច្នោះបក្យពួកទាំងសងខាងបានចូលទៅជួយវាយគ្នាទៅវិញទៅមកបន្ថែម បណ្ដាលអោយរងរបួសទាំងសងខាង ភ្លាមៗកម្លាំងសមត្ថកិច្ចយើងចុះជួយអន្តរាគមឃាត់បំបែកគ្នា និងបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបាន ព្រះរាជអាជ្ញា ទី មុនិន្ទ សម្រេចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធី៕
ដោយ ៖ វណ្ណលុក