រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរៀបចំជាស្រេចហើយនូវការជួបជុំនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការទូងស្គរដើម្បីគាំទ្រនិងអបអរសាទរនៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ចំណែកនៅពេលរាត្រីនឹងមានការបាញ់កាំជ្រួច ព្រមទាំងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ ក្នុងទីប្រជុំជនឱ្យបានកាន់តែអធិកអធមថែមទៀត។នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៤ ។
នាសាលប្រជុំសាលាខេត្ត ជាមួយនឹងការបញ្ជាក់អំពីផែនការរៀបចំកម្មវិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់គ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាគ្រឹះស្ថានសាធារណៈឯកជន ទាំងគ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តវាយគង ជួង រគាំង ទូងស្គរ ទះប៉ោតនិងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមានឱ្យបានក្លៀវក្លាវេលាម៉ោង៩:០៩នាទីព្រឹកនាថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃបើកការដ្ឋានសាងសង់ជីកព្រែក ” ព្រែកជីកហ្វូណន តេជោ “។ ចំណែកមន្ទីរព័ត៌មាន និងរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំឱ្យមានការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោនាពេលព្រឹកនោះ និងមានការប្រគំតន្រ្តីកម្សាន្តសប្បាយនៅពេលរាត្រីតាមមូលដ្ឋាននីមួយៗផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.