ក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៤ ការនាំចេញស្វាយចន្ទីកែច្នៃ បានចំនួន ៨៨តោន ថយចុះរហូតដល់ ៨៧ភាគរយ

(ភ្នំពេញ)៖ បើគិតក្នុងរយៈពេល ៦ខែនៃដើមឆ្នាំ២០២៤នេះការនាំចេញស្វាយចន្ទីកែច្នៃទៅលក់កាន់ទីផ្សារក្រៅប្រទេសឃើញថា បានចំនួន ៨៨តោន ថយចុះប្រមាណ ៨៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

ការថយចុះនេះដែរត្រូវបាន មន្រ្តីនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទពន្យល់ប្រាប់នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះថាដោយសារផ្តើមចេញពីការប្រែប្រួលអាកាសធាតុ ដែលមានសភាពក្តៅហួតហែងនាកន្លងមក ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានជុំវិញបញ្ហានេះលោក ជំទាវ អ៊ឹម រចនាបានឱ្យដឹងដែរថា”ការថយចុះនៃបរិមាណនាំចេញនេះអាចមានមតិសាធារណៈជនមួយចំនួនបង្ហាញពីការព្រួយបារម្ភ ដែលនាំឱ្យជះផលអាក្រក់ណាមួយដល់ការដាំដើមស្វាយចន្ទីនៅកម្ពុជា ។

មន្រ្តីអ្នកនាំពាក្យរូបនេះបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ការប្រមួលទិន្នផលស្វាយចន្ទីនាឆ្នាំនេះយើងទទួលបានទិន្នផលទាប បន្តិច ដូចនេះដែរបានធ្វើឱ្យកសិករ តែអ្នកកែច្នៃបានទទួលផលកម្រៃខ្ពស់ដោយសារតែកង្វះទីផ្សារធ្វើឱ្យតម្លៃហក់ឡើងថ្លៃជាងមុន។

លោកជំទាវ អ៊ឹម រចនាបានលើកឡើងដោយបញ្ជាក់បន្ថែមថា ៖ ”នាឆ្នាំនេះដោយសារតែការប្រែប្រួលអាកាសធាតុមិនត្រឹមតែជះផលអាក្រក់ដល់ដំណាំស្វាយចន្ទីទេ ពោលគឺដាំណាំគ្រប់មុខក៏ជួបប្រទះការរងគ្រោះ និងធ្លាក់ចុះទិន្នន័យដូចគ្នា” ។

ដោយសារការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ឡើង ក្រសួងនឹងធ្វើការជ្រើសរើសពូជស្វាយន្ទីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហើយអាចហុចទិន្នផលខ្ពស់ដល់កសិករដាំដុះជំនួសវិញ ។ លើសពីនេះក្រសួងនឹងទាក់ទាញអតិថិជនទាំងក្នុងនិងក្រៅប្រទេសជួយ ទិញគ្រាប់ស្វាយចន្ទីកាន់តែច្រើនឡើងដែលផ្តល់ផលចំណេញដល់ប្រជាកសិករ និងក្រុមហ៊ុនដែលវិនិយោគលើគ្រាប់ស្វាយចន្ទី។

មន្រ្តីនាំពាក្យរូបនេះ បញ្ជាក់ថា ៖ បើទោះបីគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានការថយចុះពិតមែនតែសម្រាប់ទីផ្សារពុំមានថយចុះទេ ហើយតម្លៃទៀតសោតក៏បានខ្ពស់ជាងមុនផងដែរ ។

សូមរំលឹកថា សម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ ២,៣៨លានហិកតា ។ ក្នុងខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង៣លាន ២សែនហិកតា ។ ក្រៅពីនេះដំណាំផ្លែចន្ទីមានជិត ៧០ម៉ឺនហិកតាត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង ៣លាន ២សែនហិកតានេះ ។

គួររំលឹកថា បើយោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ម៉ឺនតោន, ក្នុងឆ្នាំ ២០២០ ចំនួន ៩៥ម៉ឺនតោន ឆ្នាំ ២០២១ ចំនួន ១,១ លានតោន ឬប្រមាណ២៤ ភាគរយនៃការនាំចេញសរុបល ពិភពលោក ឆ្នាំ២០២២ ចំនួន ៦៧ ម៉ឺនតោន នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះប្រមាណជាង ១០ភាគរយ ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃក្នុងរង្វង់ ១ ៩០០ដុល្លារ ក្នុង ១តោន រីឯគ្រាប់ស្វាយចន្ទីកែច្នៃរួចអាចមានតម្លៃប្រហែល ៨ ០០០ដុល្លារ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាកន្លងមកថ្មីៗនេះថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងចំណោមនេះស្វាយចន្ទី បានជាប់ចំណាតថ្នាក់លេខ ៣ ជាកសិផលនាំចេញក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner