សម្តេចធិបតី៖ ក្នុងស្មារតីកីឡា និងសាមគ្គីភាព សូមអត្តពលិកទាំងអស់ ខិតខំប្រកួតតាមលក្ខណៈបច្ចេកទេសនៃយុទ្ធគុនចម្រុះ និងលេងដោយយុត្តិធម៌ ដោយឈរលើគុណតម្លៃអូឡាំពិក

ក្នុងពិធីបើកជាផ្លូវការនៃការប្រកួតយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកងអាស៊ីលើកទី២ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះសូមស្វាគមន៍ដល់គ្រប់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២ នៅកម្ពុជា។ សូមជូនពរដល់កីឡាករកីឡាការិនីកម្ពុជាឱ្យទទួលបានជោគជ័យ។ ក្នុងស្មារតីកីឡា និងសាមគ្គីភាព សូមអត្តពលិកទាំងអស់ ខិតខំប្រកួតតាមលក្ខណៈបច្ចេកទេសនៃយុទ្ធគុនចម្រុះ និងលេងដោយយុត្តិធម៌ ដោយឈរលើគុណតម្លៃអូឡាំពិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាពេលនេះ មានប្រតិភូកីឡា និងអត្តពលិកសរុបមានចំនួន ២៣៣នាក់ដែលមកពីប្រទេសចំនួន១៥ និង៣តំបន់ ក្នុងនោះ ប្រទេសដែលបញ្ជូនអត្តពលិកចូលរួមមាន ១២ប្រទេស រួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី។ រីឯ៣តំបន់ គឺ ចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការប្រកួតនេះធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ដែលមានរយៈពេល០៣ថ្ងៃ គិតចាប់ ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះកម្ពុជាបានត្រៀមអត្តពលិក១៦រូបចូលរួមប្រកួត ក្នុងនោះរួមមានកីឡាករ ហ៊ុន ចាន់រាជ, ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner