ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អភិបាលរាជធានី-ខេត្ត ត្រូវទាក់ទាញ​និងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន

ត្បូងឃ្មុំ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសយកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យ របស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ ។

ក្នុងពិធីប្រកាសមុខតំណែង ឯកឧត្តម ប៉ែន កុសល្យ ជាអភិបាល ថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់ និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីនិន្នាការនៃការជួញដូរគ្រឿងញៀនរបស់ពួកឧក្រិដ្ឋជន ដែលកន្លងទៅសមត្ថកិច្ចបង្ក្រាបបានត្រឹមកម្រិតរាប់សិបគីឡូ ឬយ៉ាងហោចណាស់ត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤ នេះមានដល់ទៅជាង ៥ពាន់គីឡូរួចជាស្រេច ខណៈមានជនរងគ្រោះដែលភាគច្រើនជាយុវជនតិចតួចនៅឡើយដែលបានស្ម័គ្រចិត្ត និងទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ ដើម្បីទទួលសេវាព្យាបាល បន្សាប និងស្ដារនីតិសម្បទា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាន ណែនាំទៅកាន់ឯកឧត្តមអភិបាលខេត្តថ្មី យកចិត្តទុកដាក់ពង្រឹងសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាននូវការនាំចូលទំនិញគ្មានគុណភាព ដើម្បីការពារសុខុមាលភាពប្រជាជន ទប់ស្កាត់និងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានទទូចឱ្យឯកឧត្តមអភិបាលខេត្តថ្មី ខិតខំប្រើប្រាស់គ្រប់វិធីសាស្ត្រ ដើម្បីកៀរគរគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ដែលរាជរដ្ឋាភិបានប្រគល់សិទ្ធិសម្រេច និងខិតខំរៀបចំកែច្នៃ បង្កើតកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញទេចរណ៍កក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តត្រូវធ្វើជាគម្រូក្នុងការបណ្ដុះនិងសាបព្រោះវប្បធម៌ ស្អាតស្អំ តម្លាភាព និងគុណភាព នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំ សង្កាត់ ដូចជាការស្ថាបនាផ្លូវជាដើម៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner