អ្នកនាំពាក្យ៖ ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន៤

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ឱ្យដឹងថា ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន៖ ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាននិងបណ្តាញផ្សាយឌីជីថលផ្លូវការ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបាន មុននឹងចែកចាយបន្ត, ទី៣.ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ និងទី៤.ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើងសម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់។

ឯកឧត្តម បានក្រើនរម្លឹកថា យើងទាំងអស់គ្នាត្រូវចងចាំថា «ពាក្យចចាមអារ៉ាម ឬការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា» ជាព័ត៌មានដែលយើងមិនទាន់អាចយកជាការបាននៅឡើយ លុះត្រាតែព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយប្រភពច្បាស់លាស់ ដោយការផ្សាយឬសេចក្តីរាយការណ៍ព័ត៌មានផ្លូវការដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។

ដើម្បីអាចសម្គាល់ថាព័ត៌មានមួយជាព័ត៌មានក្លែងក្លាយឬអត់ គេអាចឈរលើគោលការណ៍មូលដ្ឋានមួយចំនួន៖ ទី១) ចាំបាច់ត្រូវស្វែងរកប្រភពនៃព័ត៌មាននោះ និងត្រូវរកមើលតើវាត្រូវបានចេញផ្សាយដោយប្រភពផ្សេងទៀតដែរឬទេ ដើម្បីអាចផ្ទៀងផ្ទាត់ ចៀសវាងការដែលវាគ្រាន់តែជាការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា, ទី២) អាចដាក់ការសង្ស័យបឋមចំពោះព័ត៌មាននោះប្រសិនបើវាមិនមានភាពច្បាស់លាស់ ឬមិនពេញលេញ ចំពោះសំនួរទាំងនេះ៖ អ្នកណា? អំពីអ្វី? កាលពីពេលណា? នៅទីណា? ហេតុអ្វី? និងយ៉ាងដូចម្តេច?, ទី៣) ជានិច្ចជាកាលត្រូវប្រុងប្រយ័ត្នចំពោះការផ្សាយទាំងឡាយណាដែលធ្វើឡើងក្នុងគោលបំណងឆបោក ឬបញ្ឆោត ដែលជាទូទៅវាហាក់ដូចជាជំរុញឱ្យអ្នកដែលទទួលព័ត៌មានធ្វើអ្វីមួយដោយប្រញាប់ ឬបន្ទាន់ដើម្បីកុំឱ្យហួសពេល ដោយប្រើរង្វាន់ ឬអត្ថប្រយោជន៍ជាដើមជាធ្នាក់, ទី៤) អវត្តមានធាតុស្នូល ឬតួអង្គសំខាន់ក្នុងព័ត៌មាន បង្កប់ជំហលម្អៀង ដោយមានឧបាយកលនយោបាយ ដើម្បីបំភ្លៃព័ត៌មាន កាឡៃការពិត ដើម្បីបំភាន់មតិសាធារណៈ បំផ្លាញកេរ្តិ៍ឈ្មោះ ឬបង្កចលាចល, ទី៥)មុននឹងជឿលើព័ត៌មានណាមួយជាពិសេសនៅលើបណ្តាញសង្គម សូមអានដោយផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន ហើយពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចែកចាយទៅកាន់អ្នកដទៃ៕
ដោយ៖ពលជ័យ

ads banner