យូអិនព្រមានថា ថែបរិស្ថានមិនល្អ ព្យុះធូលីនឹងវាយប្រហារផែនដីញឹកញាប់

ហ្សឺណែវ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា បរិមាណធូលីនៅលើអាកាសបានថយចុះបន្តិចក្នុងឆ្នាំ ២០២៣ ប៉ុន្តែព្រមានថា ការគ្រប់គ្រងបរិស្ថានមិនល្អ កំពុងជំរុញឱ្យមានព្យុះខ្សាច់ និងព្យុះធូលី។

ទីភ្នាក់ងារឧតុនិយម និងអាកាសធាតុរបស់អង្គការសហប្រជាជាតិ (WMO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជារៀងរាល់ឆ្នាំ ធូលីប្រហែល ២,០០០លានតោនបានហោះចូលទៅក្នុងបរិយាកាស ធ្វើឱ្យផ្ទៃមេឃងងឹតទាំងថ្ងៃ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ វាក៏ធ្វើឱ្យប៉ះពាល់ដល់គុណភាពខ្យល់នៅក្នុងតំបន់ ក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ និងប៉ះពាល់ដល់សេដ្ឋកិច្ច, ប្រព័ន្ធអេកូឡូស៊ី និងបរិយាអាកាស។

បើតាមរបាយការណ៍របស់ WMO កំហាប់ធូលីហោះពាសពេញផ្ទៃក្នុងឆ្នាំ ២០២៣ គឺទាបជាងបន្តិច បើធៀបនឹងឆ្នាំ ២០២២ ដោយសារតែការកាត់បន្ថយការបំភាយធូលីពីតំបន់នានា រួមមាន អាហ្រ្វិកខាងជើង ឧបទ្វីបអារ៉ាប់ ខ្ពង់រាបអ៊ីរ៉ង់ ភាគខាងជើងប្រទេសឥណ្ឌា ភាគកណ្តាលអូស្ត្រាលី និងភាគពាយ័ព្យប្រទេសចិន។

ប្រធាន WMO លោកស្រី Celeste Saulo បាននិយាយថា យើងត្រូវមានការប្រុងប្រយ័ត្ន ក្នុងការប្រឈមមុខនឹងការបន្តសឹករិចរិលបរិស្ថាន និងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគត។ លោកស្រីបន្ថែមថា ភ័ស្តុតាងវិទ្យាសាស្ត្របង្ហាញថា សកម្មភាពរបស់មនុស្សកំពុងជះឥទ្ធិពលលើខ្សាច់ និងព្យុះធូលី។ ឧទាហរណ៍ សីតុណ្ហភាពខ្ពស់ គ្រោះរាំងស្ងួត និងការក្តៅហួតកាន់តែខ្ពស់នាំឱ្យសំណើមដីទាប។ គួបផ្សំនឹងការគ្រប់គ្រងដីមិនល្អ នេះជាអំណោយផលដល់ព្យុះខ្សាច់ និងធូលីកាន់តែច្រើន។

នៅថ្ងៃទី១២ ខែកក្កដា គឺជាទិវាអន្តរជាតិប្រយុទ្ធនឹងព្យុះខ្សាច់ និងធូលី ទីភ្នាក់ងារឧតុនិយម និងអាកាសធាតុរបស់អង្គការសហប្រជាជាតិ (WMO) បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ដោយសារដីស្ងួតនាំឱ្យធូលីដីកាន់តាមខ្យល់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner