មហាសេដ្ឋីឥណ្ឌាជួលយន្តហោះ ១០០គ្រឿង ដឹកភ្ញៀវមកចូលរួមមង្គលការកូនពៅ

ញូវដែលី៖ មហាសេដ្ឋីឥណ្ឌា Mukesh Ambani បានជួលយន្តហោះរហូតដល់ ១០០គ្រឿង ដើម្បីដឹកភ្ញៀវមកចូលរួមពិធីមង្គលការរបស់កូនប្រុសពៅខ្លួន ដែលបានប្រារព្ធធ្វើឡើងរយៈពេល ៤ថ្ងៃ នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន financialexpress បានឱ្យដឹងថា មហាសេដ្ឋីទី១១ របស់ពិភពលោក Mukesh Ambani បានជួលយន្តហោះចំនួន ១០០គ្រឿង រួមទាំងយន្តហោះទំនើប Falcon 2000 ចំនួន ៣គ្រឿង សម្រាប់ដឹកភ្ញៀវមកពីគ្រប់ទិសទីមកចូលរួមពិធីមង្គលការរបស់កូនប្រុសពៅរបស់គាត់ គឺ Anant Ambani វ័យ ២៩ឆ្នាំ និងគូដណ្តឹង Radhika Merchant ដែលមានវ័យស្រករគ្នា នៅមជ្ឈមណ្ឌលសន្និបាត Jio World Convention Centre ក្នុងទីក្រុង Mumbai។

ប៉ុន្តែបច្ចុប្បន្ន អ្នករៀបចំកម្មវិធីនៅតែរក្សាព័ត៌មានអំពីអ្នកចូលរួមជាសម្ងាត់ និងមានពាក្យចចាមអារ៉ាមថា មានការចូលរួមពីឥស្សរជនល្បីៗជាច្រើននៅក្នុងពិភពនយោបាយ អាជីវកម្ម និងការកម្សាន្ត។

អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Tony Blair និងលោក Boris Johnson, អតីតកំពូលអ្នកកីឡាកាស John Cena, ប្រធាន FIFA លោក Gianni Infantino រួមទាំងតារាបូលីវូដល្បីៗជាច្រើនរូបទៀត បានបង្ហាញមុខក្នុងពិធីអាពាហ៍ពិពាហ៍រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៥ ខែកក្កដា របស់កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani គឺលោក Anant Ambani វ័យ ២៩ឆ្នាំ និងគូដណ្តឹង Radhika Merchant មានវ័យស្រករគ្នា។

លោក Anant Ambani គឺជាកូនប្រុសរបស់មហាសេដ្ឋីអ្នកជំនួញឥណ្ឌា Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Mukesh Ambani មានទ្រព្យសម្បត្តិសុទ្ធចំនួន ១២២ពាន់លានដុល្លារ ធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅអាស៊ី។ ក្រុមហ៊ុន Reliance Industries ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ដោយដៃលោកផ្ទាល់ បានក្លាយជាក្រុមហ៊ុនសាជីវកម្មធ្វើឱ្យលោក Ambani ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌា និងជាមហាសេដ្ឋីទី១១ នៅលើពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner