លោក ត្រាំ នឹងបន្តចូលរួមការជួបជុំសប្តាហ៍ក្រោយ ក្រោយរងការបាញ់ប្រហារ
អាមេរិក៖ លោក Trump ត្រូវបានគេអះអាងថា នឹងនៅតែចូលរួមវេទិកាជួបជុំ របស់គណបក្សសាធារណរដ្ឋ នៅសប្តាហ៍ក្រោយ ជាធម្មតា បើទោះបីជារងរបួស ក្រោយការបាញ់ប្រហារស្លាប់មនុស្ស នៅឯការប្រមូលផ្តុំ ក្នុងរដ្ឋ Pennsylvania។
សេចក្តីថ្លែងការណ៍ស្តីពីយុទ្ធនាការរបស់គណបក្ស បានរៀបរាប់ថា «ប្រធានាធិបតី Trump ទន្ទឹងរង់ចាំ ចូលរួមជាមួយអ្នកទាំងអស់គ្នា នៅទីក្រុង Milwaukee ដោយយើងបន្តដំណើរការសន្និបាតរបស់យើង ដើម្បីជំរុញឲ្យលោក ធ្វើជាប្រធានាធិបតី ទី៤៧ របស់សហរដ្ឋអាមេរិក។
គួររម្លឹកថា បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះ ត្រូវបានបាញ់ឲ្យរងរបួស នៅក្នុងការប៉ុនប៉ងធ្វើឃាតជាក់ស្តែង នៅរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ ម៉ោងនៅអាមេរិក។ អ្នកចូលរួមការជួបជុំម្នាក់បានស្លាប់ ម្នាក់ទៀតរបួសធ្ងន់ ខណៈខ្មាន់កាំភ្លើង ត្រូវបានរាយការណ៍ថា បានស្លាប់។
អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត