Zelensky រន្ធត់ចិត្តនិងជូនពរ Trump ឆាប់ជាសះស្បើយ

អាមេរិក៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky រន្ធត់ចិត្ត និង បានជូនពរ លោក Trump ឲ្យឆាប់ជាសះស្បើយ បន្ទាប់ពីត្រូវបានគេបាញ់ឲ្យរងរបួស ក្នុងពេលជួបជុំមួយ កាលពីល្ងាចថ្ងៃសៅរ៍ ម៉ោងនៅអាមេរិក។

លោកបានថ្លែងថា៖ «អំពើហិង្សាក្នុងគ្រប់ទម្រង់ និងកន្លែងណាក៏ដោយ គឺមិនត្រូវមាន ជាដាច់ខាត»។ «ខ្ញុំសូមជូនពរឱ្យប្រជាជនអាមេរិក មានភាពរឹងមាំ ក្រោយពេលកើតរឿងនេះ»។

ប្រធានាធិបតី Zelensky ក៏បានរៀបរាប់ នៅលើបណ្តាញសង្គម X ដែរថា លោករន្ធត់ណាស់ ដែលបានដឹងពីការបាញ់ប្រហារនេះ ហើយបានសម្តែងការសោកស្តាយចំពោះសាច់ញាតិ របស់អ្នកចូលរួមម្នាក់ដែលបានស្លាប់ នៅក្នុងការវាយប្រហារ។

គួររម្លឹកថា អតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានបាញ់ឲ្យរងរបួសត្រង់ត្រចៀក នៅក្នុងការប៉ុនប៉ងធ្វើឃាត នៅរដ្ឋ Pennsylvania ជាពេលជួបជុំ រកការគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលគ្រោងនឹងប្រព្រឹត្តទៅ នាខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រៅពីស្លាប់អ្នកគាំទ្រម្នាក់ ក៏មានអ្នកចូលរួមពីរនាក់ទៀត រងរបួសធ្ងន់ធ្ងរផងដែរ ខណៈដែលខ្មាន់កាំភ្លើង ត្រូវបានអះអាងថា ស្លាប់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner