បេក្ខជនជិត ៤ម៉ឺននាក់ត្រូវបន្តចូលលរួមប្រឡងលើវិញ្ញាសា QCM លើកទី១ នៃការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា

(ភ្នំពេញ)៖ ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ គណៈកម្មការប្រឡងបានធ្វើប្រកាសពីការទទួលពាក្យចាប់ពីថ្ងៃទី២២ ខែមេសា ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ហើយសំរាប់បេក្ខជនដែលបានដាក់ពាក្យស្នើសុំប្រឡងក្នុងប្រព័ន្ធ សរុបចំនួន ៦៧,០១៧នាក់ បេក្ខជនដែលមានសិទ្ធិប្រឡងសរុប ចំនួន ៣៨,១៦៨ នាក់/ស្រ្តីចំនួន ២៨,៤៥៦ នាក់ បេក្ខជនមានពិការភាពចំនួន ១៦៧ នាក់ ។ ក្នុងនោះដែរគណៈកម្មាការប្រឡងបានកំណត់ការសម្រិតសម្រាំងយកប្រមាណ ៤,០៤១នាក់ នៃចំនួនដែលត្រូវជ្រើសរើសមានចំនួន ១,៣៤៧នាក់ ដោយក្នុងនោះ ១.កម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ៣០០ នាក និង២.កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ១០៤៧នាក់។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញកាត់វិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា។ ពិធីកាត់វិញ្ញាសានេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ការប្រឡងប្រជែងនារសៀលនេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការបែងចែកចេញជា ២វេន៖ វេនទី៣ មានបេក្ខជនសរុបចំនួន ៤,២៥២នាក់(ស្រី ២,៨៣៩នាក់) មកពីរាជធានីភ្នំពេញ និងខេត្ត ចំនួន៦ គឺខេត្តរតនគិរី, ខេត្តកោះកុង, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ វេនទី៤ មានបេក្ខជនសរុបចំនួន ៤,៨៧៨នាក់(ស្រី ៣,៧០៩នាក់) មកពីបណ្តាខេត្ត ចំនួន៣ គឺខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្រសួងមុខងារសាធារណៈ បានចេញជាបញ្ជីឈ្មោះបណ្ដោះអាសន្នចំនួន២លើកដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជនក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន ។ ការប្រឡងគ្រូបឋមសិក្សានេះ ត្រូវបានរៀបចំជា២ ដំណាក់កាល ( វិញ្ញាសា QCM លើកទី១ និងវិញ្ញាសាសរសេរលើកទី២) ដោយសារបរិមាណបេក្ខជនច្រើនពេកទើបតម្រូវឱ្យមានការប្រឡងពីរលើក វិញ្ញាសាប្រឡងដំណាក់កាលទី១៖ ពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ៣០% និងគណិតវិទ្យា៧០% រយៈពេល២ម៉ោង តាមកម្មវិធីថ្នាក់ទី ១២ ។ បេក្ខជនត្រូវប្រកួតប្រជែងតាមប៉ុស្តិ៍ ប្រមូលផ្តុំជាខេត្ត និងភូមិភាគបង្កើតបានជាវេន ដែលវេននីមួយៗវិញ្ញាសាខុសៗគ្នា ហើយវិញ្ញាសាប្រឡងលើកទី២ សំណួរសរសេរកម្មវិធីថ្នាក់ទី១២ គណិតវិទ្យា ២ម៉ោង ១០០ ពិន្ទុ (មេគុណ១) និងអក្សរសាស្រ្តខ្មែរ ២ម៉ោង ១០០ ពិន្ទុ (មេគុណ១) ។

សម្រាប់ការប្រឡងនៅថ្ងៃនេះដែរ វត្តមានអាណាព្យាបាលជាច្រើនបានធ្វើដំណើរមកពីបណ្ដារាជធានីភ្នំពេញ ក៏ដូចជាខេត្ត ដើម្បីលើកទឹកចិត្តកូនប្រឡងដោយផ្ទាល់ផងដែរ។ ពួកគាត់មើលឃើញពីភាពសុក្រឹត្យនៃការរៀបចំការប្រឡង ដែលផ្ដល់ជាទំនុកចិត្តសម្រាប់ពួកគាត់។ ការប្រឡងធ្វើជាគ្រូបង្រៀនកម្រិតបឋមសិក្សាលើ វិញ្ញាសា QCM លើកទី១ ក៏មានការរៀបចំសម្រួលដល់បេក្ខជន និងអាណាព្យាបាលបេក្ខជនកាន់តែប្រសើរផងដែរ។ ជាក់ស្ដែងក្រុមការងារ នៃគណៈកម្មការរៀបចំការប្រឡង នៃក្រសួងមុខងារសាធារណៈ មានការរៀបចំជាស្តង់សម្រាប់អាណាព្យាបាលអាចរង់ចាំបេក្ខជន សាងសង់ជារោងសម្រាប់កាត់បន្ថយកម្ដៅពេលបេក្ខជនតម្រង់ជួរ ការផ្តល់ទឹកដោយមិនគិតថ្លៃសម្រាប់បេក្ខជន ក៏ដូចជាស្តង់ព័ត៌មានសម្រាប់ផ្ដល់ជាព័ត៌មាននានាជូនបេក្ខជនផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner