បាញ់ប្រហារក្នុងពិធីខួបកំណើត ស្លាប់មនុស្ស ៤នាក់ នៅបារាំង

ប៉ារីស ៖ អាជ្ញាធរបាននិយាយថា មនុស្សបួននាក់ រួមទាំងខ្មាន់ផងដែរ បានស្លាប់ អំឡុងការបាញ់ប្រហារ នៅក្នុងពិធីខួបកំណើតមួយ ស្ថិតនៅតំបន់ Espinasse-Vozelle ភាគកណ្តាល នៃប្រទេសបារាំង កាលពីចុងសប្តាហ៍។

ប៉ូលីសបានរៀបរាប់ថា បុរសម្នាក់ដែលមិនត្រូវបានអញ្ជើញ បានដើរចូលទៅក្នុងពិធី បាញ់ប្រហារលើម្ចាស់ផ្ទះ និងភ្ញៀវ ចូលរួមខួបកំណើត បណ្តាលឲ្យស្លាប់ ចំនួនបីនាក់ មុនពេលបាញ់សម្លាប់ខ្លួនឯង។ បុរសវ័យ២០ឆ្នាំ ដែលជាម្ចាស់ខួបកំណើត និងឳពុករបស់គេ ស្ថិតក្នុងចំណោមអ្នកស្លាប់។

ប៉ូលិសបានបន្តថា បុរសរូបនេះទំនងជាបានបាញ់ទៅលើអ្នកបើកបរ ដែលឆ្លងកាត់ផ្លូវ មុនពេលវាយប្រហារ យ៉ាងសាហាវបែបនេះ។ រដ្ឋអាជ្ញាក្នុងតំបន់បានប្រាប់ AFP ថា មនុស្សបួននាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួស ប៉ុន្តែមិនគំរាមកំហែង ដល់អាយុជីវិតទេ។ មនុស្ស១៥នាក់ផ្សេងទៀត ដែលបានឃើញការបាញ់ប្រហារនាពេលនោះ ស្ថិតក្រោមការសង្កេត ដោយក្រុមអ្នកចិត្តសាស្រ្ត។

ប៉ូលិសបាននិយាយថា អ្នកបាញ់ប្រហារ ក្នុងវ័យ៥០ឆ្នាំ ហាក់ដូចជា មិនធ្លាប់ទទួលការកាត់ទោស ពីមុនមកទេ។ ប្រភពដែលស្និទ្ធនឹងករណីនេះ បាននិយាយថា ដានតែមួយគត់ នៃភាពមិនប្រក្រតី គឺឯកសារទាក់ទងនឹងការបង់ប្រាក់ទូទាត់។ យ៉ាងណាមិញ មូលហេតុពិតប្រាកដ ត្រូវបានបើកការស៊ើបអង្កេត បន្ថែម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner