បាក់អគារសាលារៀន នីហ្សេរីយ៉ា ស្លាប់មនុស្ស២០នាក់
បរទេស៖ កាកបាទក្រហម និងសាក្សី បាននិយាយថា អគារសាលារៀនមួយកន្លែង នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា បានបាក់រលំ សម្លាប់មនុស្ស យ៉ាងហោចណាស់ ២១នាក់ ដែលភាគច្រើន ជាសិស្ស ហើយរបួស ជាច្រើននាក់ទៀត ពោលគឺក្នុងពេលដែលពួកគេ កំពុងអង្គុយប្រឡង។
សាលា Saint មានទីតាំងស្ថិតនៅក្នុងសង្កាត់ Jos North នៃរដ្ឋ Plateau ដោយហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសុក្រ។ លោក Caleb Mutfwang អភិបាលរដ្ឋ Plateau ដែលបានទៅដល់ទីតាំងកើតហេតុ បានប្រាប់ថា «ត្រូវតែទទួលខុសត្រូវ ចំពោះជីវិតមនុស្ស យើងមិនឲ្យមានគ្រោះមហន្តរាយបែបនេះ ម្តងទៀត បានទេ»។
គ្រោះមហន្តរាយបាក់អគារ កើតមាន ជាញឹកញាប់ នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត ប្រចាំនៅទ្វីបអាហ្រ្វិក មួយនេះ ដោយសារតែការអនុវត្តស្ដង់ដារសំណង់មានភាពយឺតយ៉ាវ, ការធ្វេសប្រហែស និងសម្ភារៈដែលមានគុណភាពទាប ព្រមទាំង អំពើពុករលួយ គេចពីការត្រួតពិនិត្យ តាមច្បាប់។
ជាកស្តែង កាលពីឆ្នាំ២០២១ មនុស្ស៤៥នាក់បានស្លាប់ ក្នុងហេតុការណ៍អគារខ្ពស់ ដែលកំពុងសាងសង់បានដួលរលំ នៅក្នុងទីក្រុង Lagos។ នៅទីក្រុងមួយនេះដូចគ្នា កាលពីឆ្នាំ២០២២ មានមនុស្ស ១០នាក់បានស្លាប់ ក្នុងពេលដែលអគារ កម្ពស់៣ជាន់ បានបាក់រលំ៕
ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត