គិតចាប់ពីដើមឆ្នាំ២០២៤ កន្លងមកកម្ពុជានាំបង្កងកណ្តូប (បង្កងប៉ាក) រស់ជាង ២តោនកន្លះទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ៖ គិតចាប់ពីដើមឆ្នាំ២០២៤រហូតមកដល់ដើមពាក់កណ្តាល ខែ កក្កដា ឆ្នាំ ២០២៤នេះ កម្ពុជាបាននាំបង្កងកណ្តូបឬបង្កងប៉ាករស់ជាង ២តោន កន្លះទៅកាន់ទីផ្សារប្រទេសចិន ព្រមជាមួយតម្លៃក៏ល្អប្រសើរជាងមុនផងដែរ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងព្រះសីហនុនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ក្នុងរយៈពេលប៉ុន្មានខែនៃដើមឆ្នាំនេះដោយសារតែកត្តាអាកាសធាតុក្តៅធ្វើឱ្យការប្រមូលផលបង្កងប៉ាកក្នុងធម្មជាតិមានការថយចុះ ខ្វះបង្កងកណ្តូបលក់ អ្នកទិញគេហ៊ានឱ្យថ្លៃ ហេតុនេះហើយការលក់ចេញរបស់ប្រជានេសាទក៏មានតម្លៃខ្ពស់ទៅតាមនោះដែរ។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ប្រាប់ថា៖”ដោយសារកង្វះខាតបង្កងប៉ាកនេះហើយទើបដូចគេនិយាយថា៖លាភស្ថិតនៅក្នុងគ្រោះ ដោយសារតែបង្កងមានតិចតែប្រជានេសាទយើងក៏លក់បានក្នុងតម្លៃមួយខ្ពស់ផងដែរ”។
លោកជំទាវបានថ្លែងថានៅថ្ងៃខាងមុខនេះបើមានការនាំចេញទៅកាន់ទីផ្សារកាន់តែច្រើននោះក្រសូងនឹងជំរុញឱ្យមានការចិញ្ចឹមក្នុងស្រុកដើម្បីធ្វើយ៉ាងណាឱ្យការនាំចេញកាន់តែច្រើនឡើងតាមតម្រូវទីផ្សារក្រៅប្រទេស។
គួរបញ្ជាក់ថាការនាំចេញបង្កងកណ្តូបឬបង្កងប៉ាក ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ដោយមានចំនួន ៤៥គីឡូក្រាម។
ដោយឡែក យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកន្លងមកបានបញ្ជាក់ដែរថា មានបង្កងកណ្តូបរស់ចំនួន ១០៩៥ គីឡូក្រាមត្រូវបាននាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ងីមឆៃហួត