ឯកឧត្តម ហួត ហាក់ ណែនាំឱ្យសមាជិក សមាជិកាទាំងអស់របស់គណបក្ស ត្រូវប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ប្រជាជន និងគាំទ្រគណបក្សដោយឥតងាករេ

ភ្នំពេញ៖ ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលបន្ថែមទៀតជូនបក្ស និងរដ្ឋ, ជាពិសេសយោងតាមចក្ខុវិស័យទាំង៤ ឯកឧត្តម ហួត ហាក់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានណែនាំឱ្យ សមាជិក សមាជិកាទាំងអស់របស់គណបក្ស ត្រូវប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ប្រជាជន និងគាំទ្រគណបក្សដោយឥតងាករេ។ ត្រូវពង្រឹងរបៀបរបបការងាររបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ត្រូវពិនិត្យនិងវាយតម្លៃ តួនាទីនិងភារកិច្ចរបស់សមាជិកបក្សនីមួយៗឡើងវិញ និងពង្រឹងការបំពេញតួនាទីភារកិច្ច ឱ្យកាន់តែសកម្មថែមទៀត ត្រូវបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ នៅគ្រប់អង្គការចាត់តាំងបក្ស ដែលបង្កបរិយាកាសសុខដុមនីយកម្មនៅគ្រប់លំដាប់ថ្នាក់ ដែលជាចក្ខុវិស័យទី៤ របស់ក្រសួង។

ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច។

ឯកឧត្តម បានគូសបញ្ជាក់ថា ថ្ងៃនេះជាគឺលើកទី៦ នៃការរៀបចំពិធីសំណេះសំណាល និងកិច្ចប្រជុំផ្សេងៗក្នុងក្របខណ្ឌគណៈកម្មាធិការគណបក្សក្រសួងអធិការ ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលកន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ គណបក្សបានរៀបចំមីទ្ទីងដ៏ធំ នៅវិមាន ៧មករា ជាការជួបជុំរវាងថ្នាក់ដឹកនាំ ឥស្សរជនកំពូលរបស់គណបក្ស ជាមួយនឹងសមាជិក សមាជិកាគណបក្សប្រមាណជាង ៧,០០០នាក់។

ការប្រារព្ធខួបបក្សនៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋានគ្រប់ទិសទី គឺជាការជួបជុំដែលបង្ហាញពីកម្លាំងសាមគ្គីរបស់គណបក្ស ដែលជាកម្លាំងនយោបាយតែមួយគត់ ស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន នៅគ្រប់សភាពការណ៍ គ្រប់ដំណាក់កាល គ្រប់កាលៈទេសៈទាំងអស់ និងក៏ជាព្រឹត្តិការណ៍ដែលសមាជិកបក្សនីមួយៗត្រូវតែចងចាំ និងគោរពដឹងគុណូបការៈយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិ និងប្រជាជន នៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តមប្រធាន ក៏បានណែនាំអោយក្រសួងរបស់យើងរៀបចំកម្មវិធីទូងស្គរ ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ, ដូច្នេះ សូមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្ស ចូលរួមឱ្យបានផុសផុល គ្រប់ៗគ្នា ៕

រូបភាព៖ ឆៃហួត
អត្ថបទ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner