សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាពយូរអង្វែង

(ភ្នំពេញ)៖ នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាព​យូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើស​អើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់​លទ្ធភាព​ដល់ពលរដ្ឋខ្មែរទាំងអស់ រួមរស់សុខដុមរមនា ក្នុងសង្គមជា​មួយ​គ្នាថែមទៀតផង ។

នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យាន​សម្រាប់​ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅ​អគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសដ៏កម្រនេះ សំដែងនូវការគោរពអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញ នូវនយោបាយឈ្នះឈ្នះ ។

សម្តេចធិបតី បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការឧបត្ដម្ភគាំទ្រ ចាប់តាំងពីគំនិតផ្តួចផ្តើម ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. ព្រមទាំងបញ្ចប់ទាំងស្រុង នៃដំណើរកាត់ក្តីមេដឹកនាំក្នុងរបបខ្មែរក្រហម ដោយរលូន និងមានការទទួលស្គាល់ពីអន្តរជាតិផងដែរ។

សម្តេចក៏បានថ្លែងអំណរគុណ និងរំលឹកស្នាដៃការលះប់ និងកេរ្តិ៍ដំណែលរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានដឹកនាំក្រុមការងារចរចារបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតតុលាការកូនកាត់មួយនេះ ព្រមទាំងបានដំណើរការដោយរលូន និងរក្សាបាន នូវអធិបតេយ្យភាព ម្ចាស់ការក្នុងការដឹកនាំ និងការចាត់ចែងដំណើរកាត់ក្តីជាដើម។

បន្ថែមពីនេះ សម្តេធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈ​នយោបាយឈ្នះឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរ ពីអង្គការសហប្រជាតិ និងការ​ឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌​ដល់ជន​រងគ្រោះ នៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់, ការលុបបំបាត់​វប្បធម៌ និទណ្ឌភាព និងជាការផ្តល់សារមួយ សម្រាប់មេដឹកនាំនៃបណ្តា​ប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner