សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេចបន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។ ការបញ្ជាក់របស់សម្តេចតេជោ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito កាលពីព្រឹកទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

សម្ដេចតេជោបានមានប្រសាសន៍ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។ សម្តេចតេជោ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ។ សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តម YAMAGUCHI ចំពោះការរំលឹកពីដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជា កំពុងមានសង្រ្គាមនៅឡើយ និង សូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ឯកឧត្តម គឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។

សម្តេច បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន។ តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥” ក៏ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។ ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ។ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមថា ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជួយក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងជប៉ុន។

ឯកឧត្តម YAMAGUCHI Natsuo បានជម្រាប សម្តេចតេជោថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង៣២ឆ្នាំ គិតពីពេលដែលឯកឧត្តមមកប្រទេសកម្ពុជាដំបូង ឯកឧត្តមពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។ ឯកឧត្តម ក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម ក៏មានមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣។ ទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyber ការប្រែប្រួលអាកាសធាតុ ជាដើម។

ឯកឧត្តម YAMAGUCHI បានថ្លែងអំណរគុណសម្តេចតេជោ និងបានកត់ត្រាយ៉ាងច្បាស់លាស់ពីទស្សនៈប្រកបដោយគតិបណ្ឌិតរបស់សម្តេច អំពីគុណតម្លៃនៃសន្តិភាព ដាច់ខាតត្រូវមានសន្តិភាព ទើបអាចធ្វើការដោះមីន អភិវឌ្ឍន៍ប្រទេស និងមាននីតិរដ្ឋបាន។ ចំពោះការជំរុញវិនិយោគជប៉ុនមកកម្ពុជា ឯកឧត្តម នឹងពាំនាំខ្លឹមសារនេះទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន ដែលជាសមាជិកគណបក្ស Komeito ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ឱ្យបានច្រើន និងសម្បូរបែបថែមទៀត ដែលជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ។ ឯកឧត្តម ក៏សូមគោរពជូនពរ ក្នុងឱកាសខួបកំណើត សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ សូមសម្តេច មានសុខភាពល្អរឹងមាំ និងជោគជ័យសម្រាប់ភារកិច្ចថ្មីនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner