ប្រកាសសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជា​ប្រធាន​គណៈ​កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមប្រកាសក្រុមការងារចលនា​កសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន ៧០នាក់ ។

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង ៧០នាក់ គឺក្នុងមួយខណ្ឌមានចំនួន៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន ៣រូប ។ ក្នុងនោះក៏មានសមាជិក២រូបបានសម្រេចចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា៖ យើងបានចូលមករួមរស់ជាមួយគ្នាហើយ ដូច្នេះយើងត្រូវរួមគ្នា ធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេស ឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ ។

ឯកឧត្ដម ឃួង ស្រេង បន្តថា យើងបើកបេះដូងទទួល សមាជិកថ្មីៗទៀត ដើម្បីរួមគ្នាបំពេញការងារជូនជាតិ រួមគ្នាជាចលនាជាតិតែមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា កម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងបើកការដ្ឋាននថ្ងៃទី០៥ សីហា ២០២៤ ខាងមុខនេះ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner