អ្នកចូលចិត្តជិះកង់ឡើងភ្នំទូទាំងអឺរ៉ុបសម្រុកទៅលេងប្រទេសអូទ្រីស

វីយែន៖ រដូវក្តៅមកដល់ អ្នកជិះកង់ឡើងភ្នំជាច្រើនបាននាំគ្នាប្រញាប់ប្រញាល់ នាំគ្នាឡើងលើភ្នំ នៅឯរមណីយដ្ឋានភ្នំអាល់របស់ប្រទេសអូទ្រីស ដោយដាក់កង់របស់ពួកគេនៅលើធ្នើរឡាន ដែលជាធម្មតាទុកសម្រាប់ជិះស្គីទឹកកកនារដូវធ្លាក់ទឹកកក។

Leogang-Saalbach គឺជារមណីយដ្ឋានមួយ ក្នុងចំនោមរមណីយដ្ឋានភ្នំអាល់ជាច្រើនទៀត ដែលទាក់ទាញអ្នកទេសចរមកលេងកំសាន្តនៅក្នុងអាកាសធាតុក្តៅ។ តួយ៉ាង អ្នកជិះកង់មកពីទូទាំងទ្វីបអឺរ៉ុប កំពុងសម្រុកនាំគ្នាទៅតំបន់ Salzburg ភាគខាងលិចប្រទេសអូទ្រីស ដើម្បីប្រណាំងគ្នាចុះពីលើជម្រាលភ្នំ។

សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអូទ្រីស (WIFO) លោក Oliver Fritz បាននិយាយថា ចាប់តាំងពីស្ងប់ស្ងាត់ជំងឺរាតត្បាតមក ប្រាក់ចំណូលសេដ្ឋកិច្ចក្នុងរដូវក្តៅ បានកើនឡើងលើសពីរដូវរងា។

ជាប្រពៃណី រដូវក្តៅ និងរដូវរងា រ៉ាប់រងប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសអូទ្រីស ប៉ុន្តែបន្ទាប់ពីជំងឺរាតត្បាតបញ្ចប់ ភាគរយបានកើនឡើងក្នុងរដូវក្តៅ។ រដូវក្តៅនៅឆ្នាំ ២០២៣ បាននាំមកនូវប្រាក់ចំណូលជាងពាក់កណ្តាល នៃប្រាក់ចំណូលសរុប ៣១.៩ពាន់លានដុល្លារ ដែលឧស្សាហកម្មទេសចរណ៍រកបាន។

អ្នកជិះកង់ក៏បានក្លាយជាក្រុមអ្នកទេសចររដូវក្តៅធំជាងគេទី២ នៅក្នុងប្រទេសអូទ្រីស បន្ទាប់ពីអ្នកឡើងភ្នំ នេះបើយោងតាមការស្ទង់មតិ ពោលគឺកើនឡើងពី ២២ភាគរយមុនពេលផ្ទុះជំងឺរាតត្បាតទៅដល់ ២៧ភាគរយនៅឆ្នាំ ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner