ក្រុមកីឡាអត្តពលកម្មក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡា អត្តពលកម្ម ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមកីឡាអត្តពលកម្មក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ខណៈក្លឹប រ៉ាន់នឹង លេខ២ ឈរលេខ២ និងខេត្តពោធិសាត់ឈរលេខ៣ ។

ថ្លែងក្នុងពិធីបិទនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ធម្ម អង្គរ៉ា សមាជិកប្រត្តិបត្តសហព័ន្ធទទួលបន្ទុកបច្ចេកទេស បានអោយដឹងថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំនេះ មានសមាគម ក្លិប ចូលរួមចំនួន១៧ក្លិប និងមានប្រតិភូ កីឡាករ កីឡាការិនីសរុប ២០៣ នាក់ចូលរួម ប្រកួតលើ១៨វិញ្ញាសា។

លោក ប៉ែន វុទ្ធី អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាស និងលើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ កីឡាការិនី អត្តពលកម្មយុវជន សំដៅជំរុញឱ្យសមាគមក្រសួង មន្ទីរ និងក្លឹប កីឡាអត្តពលកម្ម ដែលជាសមាជិកទាំងអស់មានឱកាសចូលរួមដកស្រង់បទពិសោធន៍ បំផុសផ្សព្វផ្សាយ និងប្រកួតបង្កើនគុណផល បច្ចេកទេសឱ្យបានល្អប្រសើរ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអត្តពលកម្មថ្នាក់តំបន់ និងពិភពលោក នាឆ្នាំបន្ទាប់ៗ ដូចជា៖ ការប្រកួតកីឡាសិស្ស និស្សិត អាស៊ាន ការប្រកួតកីឡាសាកលវិទ្យាល័យរដូវ ក្តៅពិភពលោក ការប្រកួតជ្រើសរើសជើងឯកបើកទូលាយ និងការប្រកួតកីឡាអត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់តំបន់ និងពិភពលោកនានា ពិសេសគឺបង្កើនគុណផលបច្ចេកទេសសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ីនាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

អនុប្រធានសហព័ន្ធរូបនេះ បន្ថែមថា កីឡាអត្តពលកម្ម គឺជាប្រភេទកីឡាអាទិភាពមួយ ដែលមានវិញ្ញាសា ច្រើនក្នុងការផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនីអាចមានជម្រើសចាប់យកវិញ្ញាសាណាមួយ ទៅតាមទេពកោសល្យដែលខ្លួនមាន និងស្រលាញ់ចូលចិត្ត ដើម្បីហាត់ហ្វឹកហ្វឺនទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានមេដាយច្រើន បើប្រៀបធៀបទៅនឹងប្រភេទកីឡាផ្សេងៗទៀត។ អ្វីដែលកាន់តែពិសេស និងបង្ហាញមុខមាត់ប្រាប់អន្តរជាតិនោះ គឺវីរៈកីឡាករ ឈុន ប៊ុនថន ជ័យលាភី មេដាយមាសលើវិញ្ញាសារត់ ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីឆ្នាំ២០២៣កន្លងនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេដាយមាសដំបូង ក្នុងប្រវត្តិសាស្រ្ត SEA Games ដែលកម្ពុជាបានចូលរួម លើប្រភេទកីឡាអត្តពលកម្ម។

គួរបញ្ជាក់ថា លទ្ធផលការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ក្រុមកីឡាអត្តពលកម្មក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ ក្នុងនោះមាស១៥ ប្រាក់៦ និងសំរិទ្ធ៧ សរុប២៨គ្រឿង ខណៈក្រុមអត្តពលិកខេត្តកំពង់ឆ្នាំង ឈរលេខ២ និងក្រសួងមហា ផ្ទៃ ឈរលេខ៣ ៕

អត្ថបទ-រូបភាព- លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner