គណៈកម្មាធិការជាតិ (គសពស) បដិសេធការផ្សាយមួលបង្កាច់ការកាត់ខេត្តបួនរបស់កម្ពុជា (Video Inside)

គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ (គសពស) បានប្រញាប់បដិសេធការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយ ដែលមួលបង្កាច់ថា ខេត្តបួន នៃភាគឥសានប្រទេសកម្ពុជា រួមមានខេត្តមណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងរតនគិរី ត្រូវបានកាត់ជាស្ថាពរឱ្យទៅប្រទេសវៀតណាមហើយ។ គណៈកម្មាធិការជាតិ (គសពស) បានបកស្រាយបំភ្លឺបញ្ជាក់មកវិញថា ព័ត៌មានដែលផ្សាយនោះ គឺជាព័ត៌មានក្លែងក្លាយ។

ការបកស្រាយបំភ្លឺរបស់គណៈកម្មាធិការជាតិ (គសពស) នៅថ្ងៃទី១៧កក្កដានេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមឈ្មោះ សុធា នូ ដែលបង្ហាញរូប Profile ជាព្រះសង្ឃ បានសរសេរចោទប្រកាន់ថា ការកាត់ខេត្តទាំងបួនឱ្យវៀតណាមនោះ គឺ «ក្រោមរូបភាពសម្បទានតំបន់សេដ្ឋកិច្ចត្រីកោណ បន្ទាប់ពីសម្ពោធព្រែកជីកហ៊្វូណនតេជោ»។

គណៈកម្មាធិការជាតិ (គសពស) បានសរសេរបញ្ជាក់ប្រាប់ពលរដ្ឋតាមបណ្តាញសង្គមវិញថា «ប្រទេសកម្ពុជាការពារថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ខ្លួនយ៉ាងពេញលេញ» ដែលមានន័យថា មិនមានទឹកដីកម្ពុជានៅទីណាមួយ បានបាត់បង់ ឬរបេះចេញពីផែនទីរបស់ព្រះរាជាណាចក្រកម្ពុជាឡើយ។

គណៈកម្មាធិការជាតិ (គសពស) បានសរសេរបន្តថា «គឺមិនមានអ្វីដូចការឃោសនាអកុសល ដែលគេបានធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់ បង្កចលាចលបំពុលសង្គមនោះឡើយ»។

ការផ្សាយព័ត៌មានបង្កាច់បង្ខូចថា ខេត្តខ្មែរទាំងបួនត្រូវបានកាត់ឱ្យទៅវៀតណាមនោះ បានទន្ទឹមនឹងអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានបង្កើតរដ្ឋាភិបាលនីរទេសមួយនៅក្រៅស្រុកដោយបានដាក់ឈ្មោះថា «ក្រុមសាធារណរដ្ឋខ្មែរទី២» ជាមួយការបង្កើតទង់ជាតិរបស់ខ្លួនថែមទៀត។

សេចក្តីថ្លែងការណ៍របស់ «ក្រុមសាធារណរដ្ឋខ្មែរទី២» បង្កើតក្នុងប្រទេសបារាំងនោះ បាននិយាយឃោសនាថា «ការបង្កើតកម្លាំងនយោបាយថ្មីរបស់ខ្លួននេះ គឺដើម្បីរំដោះប្រទេស» កម្ពុជាចេញពីប្រទេសវៀតណាម។ រាជរដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានប្រតិកម្ម ជុំវិញការបង្កើត «ក្រុមសាធារណរដ្ឋខ្មែរទី២» នៅក្នុងប្រទេសបារាំងនោះឡើយ។

ads banner