ជប៉ុនផ្តើមប្រើឡានដឹកទំនិញគ្មានអ្នកបើកលើកដំបូងនៅព្រលានយន្តហោះ

តូក្យូ៖ អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កំពុងសាកល្បងប្រើប្រាស់ឡានដឹកទំនិញគ្មានមនុស្សបើក ដើម្បីអូសកុងតឺន័រដឹកទំនិញ ខណៈពេលប្រឈមនូវកង្វះកម្លាំងពលកម្ម និងចំនួនអ្នកទេសចរធ្វើដំណើរតាមផ្លូវអាកាសមកកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក។

ឡានដឹកទំនិញគ្មានមនុស្សបើកនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោកនេះ អាចអូសទាញកុងតឺន័រមានទម្ងន់រហូតដល់ ១៣ តោន នេះបើតាមការបញ្ជាក់ពីអ្នកអភិវឌ្ឍន៍រួមគ្នា គឺក្រុមហ៊ុន All Nippon Airways (ANA) និងក្រុមហ៊ុន Toyota Industries នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ក្រុមហ៊ុនទាំងពីរបន្ថែមថា ការសាកល្បងប្រើប្រាស់ឡានគ្មានមនុស្សបើកលើកដំបូង នៅឯអាកាសយានដ្ឋានជប៉ុននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលគាំទ្រដោយរដ្ឋាភិបាល ក្នុងការច្នៃប្រឌិតឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវអាកាស ហើយក្រុមហ៊ុនក៏មានគោលបំណងធ្វើឱ្យឡាននេះដំណើរការពេញលេញនៅចុងឆ្នាំ ២០២៥។

ជប៉ុនគឺជាប្រទេសដែលមានប្រជាជនមានវ័យចំណាស់ច្រើនជាងគេទីពីររបស់ពិភពលោក ហើយវិស័យជាច្រើននៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ៤ របស់ពិភពលោកមួយនេះ ក៏កំពុងប្រឈមមុខនឹងកង្វះកម្មករធ្ងន់ធ្ងរផងដែរ។

នៅក្នុងឆ្នាំ ២០២៤នេះ ព្រលានយន្តហោះរបស់ប្រទេសជប៉ុន បើតាមសេចក្តីរាយការណ៍ បានជួបប្រទះបញ្ហាផ្គត់ផ្គង់ប្រេងអាកាសចរណ៍រួចហើយ ដែលជំរុញឱ្យរដ្ឋាភិបាលកាលពីខែមុនបង្កើតក្រុមការងារ។ ការសាកល្បងឡានបើកខ្លួនឯង នឹងត្រូវបានអនុវត្តនៅតាមទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ដោយរដ្ឋាភិបាលបានអនុញ្ញាតឱ្យឡានបើកខ្លួនឯងកម្រិត ៤ នៅលើផ្លូវសាធារណៈចាប់តាំងពីឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner